សង្គម

មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការស្ថាបនាផ្លូវ៣ខ្សែ នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក ដើម្បីធានាគុណភាពផ្លូវតាមបទដ្ឋានបច្ចេកទេស

image


បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) និងក្រុមការងារ បានចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់(DBST) និងបេតុង ចំនួន ៣ខ្សែ ប្រវែង ២៨.៨២គម នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ។

លោក យូ ហួត អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឱ្យដឹងថា ការចុះពិនិត្យនេះផ្តោតលើគម្រោង រួមមាន៖
១-ខ្សែទី១ ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ប្រវែង ១២.៦៥គ.ម និងលូរំដោះទឹកគ្រប់ប្រភេទចំនួន ២៧កន្លែង ក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
២-ខ្សែទី២ ផ្លូវកក់-ភាសត្បូង ប្រវែង ១២.៤៦គ.ម និងលូរំដោះទឹកគ្រប់ប្រភេទចំនួន ១៣កន្លែង ចាប់ពីឃុំជប់វ៉ារី កាត់តាមឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ទៅដល់ឃុំសារង្គ ស្រុកស្វាយចេក។

៣-ខ្សែផ្លូវទី៣ ផ្លូវតាដួល ប្រវែង ៣.៧១គ.ម និងលូរំដោះទឹកគ្រប់ប្រភេទចំនួន ១៧កន្លែង និងស្ពានបេតុង១កន្លែង ប្រវែង ៣៦ម៉ែត្រ ក្នុងឃុំផ្គាំ ស្រុកស្វាយចេក។
ក្នុងការចុះពិនិត្យនោះលោក ទូច ស៊ីផាត បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ ដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសអភិវឌ្ឍផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ និងបេតុង ជាបន្តបន្ទាប់ដើម្បីឲ្យមានភាពធន់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពុះពារគ្រប់ឧបសគ្គដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ មានជំនឿលើរាជរដ្ឋាភិបាល ជាពិសេស ជឿទុកចិត្តលើសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅអនាគត។

ទន្ទឹមជាមួយគ្នានោះ លោកអគ្គនាយករង បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារឲ្យសម្រេចលទ្ធផលតាមផែនការ ដោយធានាឲ្យបាននូវសោភ័ណភាព និងគុណភាពតាមបទដ្ឋានបច្ចេកទេស ព្រមទាំងមានភាពធន់និងការប្រែប្រួលអាកាសធាតុ ក្នុងការប្រើប្រាស់រួមនៅក្នុងភូមិ ឃុំ ស្រុកបានយូរអង្វែង។

លោក ក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋសងខាងផ្លូវសូមចូលរួមសហការ ជាមួយក្រុមហ៊ុនសាងសង់ និងក្រុមការងារក្នុងការចុះអនុវត្ត ក៏ដូចជាអ្នកប្រើប្រាស់សូមជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះ អាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងនៅមូលដ្ឋានផងដែរ៕

អត្ថបទ៖ ប៊ុន សំណាង