អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យ និងជំរុញឱ្យមានការសហការពីម្ចាស់អគារ ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងខណ្ឌរបស់ខ្លួន ដោយពង្រឹងបន្ថែម និងជំរុញឱ្យមានការសហការពីម្ចាស់អគារ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online។
លោក ឃួង ស្រេង បានណែនាំបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យបទល្មើស Scam Online និងអនុវត្តអនុក្រឹត្យលេខ ០៣អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំនារសៀលថ្ងៃទី១៣ ខែឧសភា នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានណែនាំឱ្យការអញ្ជើញម្ចាស់ទីតាំងម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ មកផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ ហើយជំរុញឱ្យពួកគាត់ត្រូវរាយការណ៍ និងសហការជាមួយអាជ្ញាធរ ដើម្បីធ្វើយ៉ាងណារួមគ្នាសហការទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។
ក្រៅពីនេះ លោក ឃួង ស្រេង ក៏បានធ្វើការណែនាំដល់អភិបាលខណ្ឌទាំងអស់ ឱ្យដាក់ផែនការដល់ក្រុមប្រឹក្សា ចៅសង្កាត់ មេភូមិ មេក្រុម មេប៉ុស្តិ៍រដ្ឋបាល អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ត្រូវតែចូលរួមសហការអនុវត្តការពង្រឹងការការរពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការស្រង់ស្ថិតិជនបរទេសមកស្នាក់នៅឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ក្រុមការងារទាំងអស់ ទាំងកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈក្នុងការចុះបំពេញការងារ ធ្វើយ៉ាងណាកុំប៉ះពាល់ទ្រព្យសម្បត្តិរបស់គេ ឬទៅទារលុយគេ ដើម្បីឈានទៅលុបបំបាត់បទល្មើស Scam Online នៅទូទាំងរាជធានីភ្នំពេញ៕