សង្គម

រដ្ឋាភិបាលចេញប្លង់រឹងក្នុងតំបន់សត្វផ្សោត ក្នុងខេត្តស្ទឹងត្រែង ជាតំបន់មិនអាចរំលោភបំពានទៅថ្ងៃអនាគត

image


ស្ទឹងត្រែង៖ ថ្មីៗនេះរាជរដ្ឋាភិបាលបានសម្រេចចេញប្លង់រឹង ក្នុងតំបន់ភូមិសាស្ត្រស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ឲ្យជាតំបន់ ជាផ្ទះ ជាលំនៅឋាន របស់សត្វផ្សោត តទៅអនាគត។
លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានលេីកឡេីងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់អាទិភាពខ្ពស់ ដល់ការចុះបញ្ជីតំបន់អភិរក្សសត្វផ្សោត ដេីម្បីជួយគាំទ្រដល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គដ៏គួរឱ្យស្រឡាញ់ និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលបានជំរុញ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងទឹក សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងដល់ប្រជាជន។

សូមរំឭកថា ក្នុងទឹកដីខេត្តស្ទឹងត្រែងបច្ចុប្បន្ន សត្វផ្សោតមាននៅក្នុងតំបន់ស្រុកសៀមបូកតែមួយគត់ ដែលមានសត្វផ្សោតកំពុងរស់នៅរង្វង់២៨-៣២ក្បាលប៉ុណ្ណោះ ខណៈដែលសត្វផ្សោតនៅអន្លង់ឈើទាលជាប់ព្រំប្រទល់កម្ពុជា-ឡាវ នៃស្រុកបុរីអូរស្វាយសែនជ័យ បានងាប់ផុតពូជកាលពីប៉ុន្មានឆ្នាំកន្លងទៅ៕

ដោយ៖ ម៉ាក មេត្តា