នាយករដ្ឋមន្ត្រីថៃ៖ រដ្ឋាភិបាលមិនអាចជួយអ្វីបានឡើយ ក្រោយកូរ៉េខាងត្បូង ប្រកាសផ្អាកទទួលយកពលករថៃពីខេត្តចំនួន៤ ព្រោះតែបំពានកិច្ចសន្យាការងារ
ប្រទេសថៃ៖ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក អាណុទីន ឆានវីរ៉ាកុល (Anutin Charnvirakul) កាលពីរសៀលថ្ងៃពុធ បានលើកឡើងនៅក្នុងកិច្ចសម្ភាសន៍មួយ អំឡុងទស្សនកិច្ចនៅកោះផាងាន់ (Phangan) ខេត្តសុរ៉ាត់ធានី ដោយរៀបរាប់ថា រដ្ឋាភិបាលមិនអាចជួយពលករថៃដែលត្រូវកូរ៉េខាងត្បូងដាក់បម្រាម ដោយសារតែការបំពានច្បាប់អន្តោប្រវេសន៍ ឬច្បាប់ការងារបានឡើយ ដោយលោកសង្កត់ធ្ងន់ថា បុគ្គលម្នាក់ៗត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននៅឯបរទេស ។
ការលើកឡើង ធ្វើឡើងបន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូង ប្រកាសផ្អាកទទួលយកពលករផ្នែកកសិកម្ម និងនេសាទតាមរដូវ (ពលករទិដ្ឋាការ E-8) ពីខេត្តចំនួន ៤ របស់ប្រទេសថៃ សម្រាប់ពេញមួយឆ្នាំ ២០២៦ ។ ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីរកឃើញថា មានពលករថៃមួយចំនួនបានបំពានកិច្ចសន្យាការងារ ដោយលួចរត់ចេញពីម្ចាស់ចម្ការ ឬនិយោជកក្នុងអំឡុងធ្វើការក្នុងប្រទេសកូរ៉េ ។
ខេត្តដែលត្រូវកូរ៉េសម្រេចផ្អាកទទួលយកពលករថៃ រួមមានខេត្តឧត្តរធានី ខុនកែន ជ័យភូមិ និងមហាសារ៉ាខាម ដែលមានរយៈពេលកំណត់មួយឆ្នាំពេញ តាំងពីដើមខែមករាមកម្លេះ និងរហូតដល់ដំណាច់ឆ្នាំ ២០២៦។ ទន្ទឹមនឹងការផ្អាកកម្រិតខេត្តនេះ ពលករដែលបានប្រព្រឹត្តកំហុសដោយផ្ទាល់ ក៏ត្រូវអាជ្ញាធរកូរ៉េខាងត្បូងដាក់ឈ្មោះចូលក្នុងបញ្ជីខ្មៅ ដែលនឹងរារាំងពួកគេមិនឱ្យចូលទៅធ្វើការក្នុងប្រទេសកូរ៉េសារជាថ្មីទៀតបានឡើយ ។
ដើម្បីទប់ស្កាត់បញ្ហានេះ និងធានាសុវត្ថិភាពសម្រាប់អ្នកស្វែងរកការងារធ្វើ រដ្ឋាភិបាលថៃបានជំរុញឱ្យពលរដ្ឋទាក់ទងផ្ទាល់ជាមួយអាជ្ញាធរការងារដែលមានសមត្ថកិច្ច ដើម្បីទទួលបានព័ត៌មានផ្លូវការ និងជៀសវាងការចាញ់បោកគេ។ ការរឹតបន្តឹងនេះ បង្ហាញពីសារៈសំខាន់នៃការគោរពច្បាប់ការងារអន្តរជាតិរបស់កូរ៉េខាងត្បូង ដើម្បីរក្សាបាននូវឱកាសការងារសម្រាប់ពលករផ្សេងទៀតនាពេលអនាគត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thairath/ Khaosod English/ The Nation Thailand