ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងឯកអគ្គរដ្ឋទូតសឹង្ហបុរី បង្ហាញជំហរពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង

image

ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីលោកឯកអគ្គរដ្ឋទូត បានជូនសារតាំងចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ដែលធ្វើឡើងនាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកអគ្គរដ្ឋទូត និងបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យរវាងកម្ពុជា និងសិង្ហបុរី ហើយបាននិងកំពុងបន្តរីកចម្រើនយ៉ាងស៊ីជម្រៅលើវិស័យជាច្រើនបន្ថែមទៀត។

លោករដ្ឋមន្រ្តី បានបង្ហាញនូវបំណងក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយលោកឯកអគ្គរដ្ឋទូត ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ច។ 

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានជូនពរលោកឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕