“ទុរេនភ្នំវល្លិ៍” ខេត្តកែបកំពុងប្រមូលផល ខណៈកសិករអះអាងរសជាតិឆ្ងាញ់ពិសេស ដោយសារដីមានជីជាតិល្អ
កែប៖ នារដូវប្រមូលផលឆ្នាំនេះ ទុរេននៅតំបន់ភ្នំវល្លិ៍ ស្រុកដំណាក់ចង្អើរ ខេត្តកែប កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងអាជីវករ ខណៈម្ចាស់ចម្ការអះអាងថា ទុរេននៅតំបន់នេះមានរសជាតិឈ្ងុយឆ្ងាញ់ សាច់ក្រាស់ និងផ្អែមឆ្ងាញ់ពិសេសខុសគេ ដោយសារតែដីមានជីជាតិល្អ។
អ្នកស្រី ខៀវ វណ្ណា ម្ចាស់ចម្ការទុរេនមួយកន្លែងនៅខេត្តកែប បានឲ្យដឹងថា អ្នកស្រីបន្តដាំទុរេននៅលើទឹកដីខេត្តកែបនេះ ជាង ១០ឆ្នាំហើយ គិតមកទល់ពេលនេះមានទុរេនប្រមាណ ២០០ដើមដែលកំពុងប្រមូលផល។ អ្នកស្រីអះអាងថា ទុរេននៅចម្ការរបស់ខ្លួន ដែលកំពុងដាំតំបន់ភ្នំវល្លិ៍នេះ ជាទុរេនដែលមានរស់ជាតិឆ្ងាញ់ខុសពីគេ ដោយសារធម្មជាតិបានផ្តល់ឲ្យទីនេះនូវដីដែលមានជីជាតិល្អ។ អ្នកស្រីបញ្ជាក់ថា អំឡុងពេលនេះទុរេននៅចម្ការខ្លួនទើបចាប់ផ្តើមប្រមូលផលបានជាងមួយតោនម៉ុណ្ណោះ។
លោកស្រី ឈន សុថា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា នៅស្រុកដំណាក់ចង្អើរ ក្រៅតែពីសម្បូរធនធានជលផលសមុទ្រ ទីនេះក៏មានសក្តានុពលខ្ពស់ដែរ លើដំណាំកសិកម្មចម្រុះគ្រប់ប្រភេទ ដែលកំពុងដាំដុះ និងប្រមូលផលនៅតាមតំបន់ភ្នំវល្លិ៍នេះ ដែលគ្របដណ្តប់លើអន្តរភូមិ ក្នុងនោះក្រៅពីម្រេច ស្វាយ សាវម៉ាវ ដែលជាដំណាំឈានមុខ ទុរេន ក៏ជាដំណាំពេញនិយមតាំងពីយូរយារដែរហើយ ដែលពលរដ្ឋនិយមដាំដុះ។
តាមរបាយការណ៍ពីការិយល័យជំនាញនៃរដ្ឋបាលស្រុកដំណាក់ចង្អើរ ទុរេនខេត្តកែប កាលពីឆ្នាំ២០២៥កន្លងទៅ ប្រមូលផលបានប្រមាណ ៧០០តោន។ ក្រៅពីទុរេន ភ្នំវល្លិ៍ខេត្តកែប ជាតំបន់ដែលមានសក្តានុពលខ្ពស់លើផលិតផលដំណាំចម្រុះនានា ដូចជាម្រេច ស្វាយ សាវម៉ាវ ត្របែក ជាដើម៕
អត្ថបទ៖ ង៉ុង សាន់