ព័ត៌មានជាតិ

សម្ដេចធិបតី និងមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

-------
សម្ដេចធិបតី និងឯកឧត្តមសមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និង ទេសចរណ៍ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម។ ការពិភាក្សាគ្នានេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម នឹងបន្តជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។
សម្ដេចធិបតីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងរដ្ឋនិងរដ្ឋ, បក្សនិងបក្ស ក៏ដូចជាប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានរំលេច នូវប្រវត្តិសាស្ត្រ នៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។ សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាពរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ៕