ព័ត៌មានអន្តរជាតិ

មនុស្សរាប់ពាន់នាក់នៅអាហ្សង់ទីន ចេញទាមទារឱ្យរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាសម្រាប់សកលវិទ្យាល័យសាធារណៈ និងដំឡើងប្រាក់ខែក្នុងវិស័យអប់រំ

image

អាហ្សង់ទីន៖ និស្សិត គ្រូបង្រៀន និងបុគ្គលិកសកលវិទ្យាល័យរាប់ពាន់នាក់នៅប្រទេសអាហ្សង់ទីន បាននាំគ្នាចេញមកធ្វើការដង្ហែក្បួនតវ៉ាទ្រង់ទ្រាយធំនៅរដ្ឋធានីប៊ុយណូស៊ែរ (Buenos Aires) កាលពីថ្ងៃអង្គារ។ ការតវ៉ានេះ មានគោលបំណងចម្បងក្នុងការទាមទារឱ្យរដ្ឋាភិបាលបង្កើនកញ្ចប់ថវិកាសម្រាប់សកលវិទ្យាល័យសាធារណៈ និងដំឡើងប្រាក់ខែក្នុងវិស័យអប់រំដែលកំពុងស្ថិតក្នុងវិបត្តិ ។
 
ក្រុមអ្នកតវ៉ា បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី ចាវៀរ មីឡេយ (Javier Milei) ពន្លឿនការអនុវត្តច្បាប់ស្ដីពីការផ្ដល់ថវិកាសកលវិទ្យាល័យ ដែលមានការពន្យារពេលអស់ជាង ២០០ ថ្ងៃមកហើយ។ ក្រុមនិស្សិតបានលើកឡើងថា រដ្ឋាភិបាលកំពុងជំពាក់ថវិកាសកលវិទ្យាល័យសាធារណៈទូទាំងប្រទេសប្រមាណ ២,៥ ទ្រីលានប៉េសូ (១,៨ ពាន់លានដុល្លារ) ដែលជាហេតុធ្វើឱ្យសកលវិទ្យាល័យជួបបញ្ហាដំណើរការ និងបង្ខំឱ្យនិស្សិតមួយចំនួនបោះបង់ការសិក្សា ។
 
សាស្ត្រាចារ្យខ្លះអះអាងថា ស្ថានភាពជីវភាពរបស់បុគ្គលិកអប់រំបានធ្លាក់ចុះយ៉ាងដុនដាប ដោយប្រាក់ខែរបស់ពួកគេបានធ្លាក់ចុះក្រោមបន្ទាត់ក្រីក្រខ្លាំង ពោលគឺទទួលបានត្រឹមតែប្រហែល ១៥៨ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ក្រៅពីនេះ លទ្ធភាពទិញទំនិញរបស់ពួកគេក៏បានថយចុះជាង ៣០% ចាប់តាំងពីឆ្នាំ ២០២៣ មក ដែលបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ការរស់នៅប្រចាំថ្ងៃ ។
 
ដោយសារតែប្រាក់ខែទាបមិនអាចទប់ទល់នឹងការចំណាយបាន សាស្ត្រាចារ្យជាច្រើនបានបង្ខំចិត្តធ្វើការងារទីពីរ ឬទីបីបន្ថែមនៅក្រៅម៉ោង។ អ្នកខ្លះថែមទាំងត្រូវបង្វែរខ្លួនទៅរត់តាក់ស៊ីអ៊ូប៊ើ (Uber) ឬធ្វើការងារផ្សេងៗតាមកម្មវិធីទូរសព្ទ ព្រោះតែដើម្បីរកប្រាក់មកបង្គ្រប់ការចំណាយលើតម្រូវការចាំបាច់ក្នុងគ្រួសារ ។
 
គួរបញ្ជាក់ថា នេះគឺជាការដង្ហែក្បួនតវ៉ាថ្នាក់ជាតិលើកទីបួនហើយ ចាប់តាំងពីរដ្ឋាភិបាលថ្មីឡើងកាន់តំណែង ដោយការតវ៉ានេះបានកើតឡើងនៅតាមទីក្រុងសំខាន់ៗផ្សេងទៀតក្នុងពេលដំណាលគ្នា រួមមាន ទីក្រុង កូដូរបា (Cordoba) និងរ៉ូសារីយ៉ូ (Rosario) ជាដើម។ បាតុកម្មនេះ បង្ហាញពីការប្ដេជ្ញាចិត្តរួមគ្នារបស់សហជីព និងនិស្សិត ក្នុងការការពារប្រព័ន្ធអប់រំសាធារណៈដែលឥតគិតថ្លៃឱ្យនៅគង់វង្ស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.