សម្ដេចតេជោ ហ៊ុន សែន លេីកទឹកចិត្ដឲ្យកម្ពុជា-វៀតណាម បន្ដជំរុញពាណិជ្ជកម្មកេីនឡើងដល់២០ពាន់លានដុល្លារ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាមមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់២០ ពាន់លានដុល្លារនៅពេលខាងមុខ។
មានប្រសាសន៍ បែបនេះ នាឱកាសដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យលោក ត្រិញ វ៉ាន់ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនា និងចលនាមហាជនមជ្ឈិមបក្ស កុម្មុយនីស្ត វៀតណាម ចូលជួបសម្ដែងការគួរសម នៅព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ នានៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ រាជធានីភំ្នពេញ។
យោងតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនូវក្រោយជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន
បានសម្ដែងនូវក្តីរីករាយ និងចាត់ទុកនៃដំណើរទស្សនកិច្ចរបស់លោក ត្រិញ វ៉ាន់ក្វៀត
មកកាន់ប្រទេសកម្ពុជានៅពេលនេះថាជាការរួមចំណែកដល់ការរឹតចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែរឹងមាំ និងនិយាយដោយឡែកនៅក្នុងក្របខណ្ឌគណបក្ស និងគណបក្សឱ្យកាន់តែរីកចម្រើនបន្តទៀត។
នៅក្នុងឱកាសនោះ ប្រធានគណៈឃោសនានិងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានលើកឡើងថាកម្ពុជា និងវៀតណាមមានទំនាក់ទំនងដ៏រឹងមាំគ្នា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ និងប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់ បន្ថែមពីលើនេះលោកបានលើកឡើងថាកន្លងមកប្រទេសទាំងពីរបានផ្លាស់ប្ដូរនូវដំណើរទស្សនកិច្ចទៅវិញទៅមកយ៉ាងច្រើនរវាង
ប្រទេសទាំងពីរទៅវិញទៅមក ដែលបង្ហាញអំពីទំនាក់ទំនងដ៏រឹងមាំ ហើយនៅក្នុងឆ្នាំ២០២៧ខាងមុខនេះ គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយភាគីទាំងពីរនឹងរៀបចំពិធីអបអរសាទរនៃការរំលឹកខួបនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម។
លោកក៏បានរំលេចដែរថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាមនៅតាមព្រំដែនគឺជាកិច្ចការដ៏ល្អដែលប្រទេសទាំងពីរបានធ្វើការជាមួយគ្នាដោយរក្សាបាននូវសន្តិសុខ សន្តិភាព នៅតាមព្រំដែនយ៉ាងរឹងមាំ ហើយបន្តនូវកិច្ចការនេះបន្តទៀតឱ្យកាន់តែមានភាពឋិតថេរជាពិសេសគឺសំដៅទៅលើការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៅតាមព្រំដែនរវាងប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ សម្ដេចតេជោបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ នៃកិច្ចសហការនៅតាមព្រំដែនដែលសម្ដេចតេជោបានលើកឡើងថា កន្លងមកកម្ពុជាតែងតែជំរុញឱ្យអាជ្ញាធរនៅតាមបណ្ដាខេត្តព្រំដែនធ្វើយ៉ាងណាបង្កើននូវកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងវៀតណាមនៅតាមព្រំដែននិងឱ្យមានភាពរឹងមាំជាពិសេសគឺការសម្ដេចតេជោ ក៏បានលើកឡើងផងដែរថា ទំនាក់ទំនងស្នូលរវាងកម្ពុជា និងវៀតណាមនៅតែមិនអាចកាត់ផ្ដាច់បានពីទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលសម្ដេចតេជោចង់ឃើញពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមឡើងដល់២០ ពាន់លានដុល្លារនៅពេលខាងមុខ តាមអ្វីដែលប្រទេសទាំងពីរបានប្ដេជ្ញាជាមួយគ្នា ហើយ២០ ពាន់លានដុល្លារនេះគឺប្រទេសទាំងពីរមានលទ្ធភាពធ្វើទៅបានដោយសារពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃការនាំចេញនៅក្នុងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងដែលទំហំពាណិជ្ជកម្ម កាលពីឆ្នាំ ២០២៥កន្លងទៅ រវាងប្រទេសទាំងពីរកើនឡើងដល់១១ ពាន់លានដុល្លារអាមេរិក ដូច្នេះប្រទេសទាំងពីរត្រូវខិតខំប្រឹងប្រែងក្នុងការពង្រីកពាណិជ្ជកម្មនេះឱ្យកាន់តែមានការកើនឡើងបន្តទៀត។
ជាមួយគ្នានេះ សម្ដេចតេជោក៏បានរំលេចបន្ថែមទៀតដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ រវាងយុវជននិងយុវជននៃប្រទេសទាំងពីរដែលធ្វើឱ្យយុវជននៃប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធជាមួយគ្នាបន្តទៀត។
នៅក្នុងឱកាសនោះ លោកសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ត
វៀតណាមបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោទាក់ទងទៅនឹងការពង្រីកពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ លោកបានលើកឡើងថាកម្ពុជា និងវៀតណាមប្រាកដជាអាចធ្វើទៅបាននៅក្នុងការសម្រេចទិសដៅនៃទំហំពាណិជ្ជកម្ម២០ ពាន់លានដុល្លារនៅពេលខាងមុខ៕
អត្ថបទ ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង , ប៉ក់ សុឃីម