សង្គម

កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និងទេសចរណ៍ ដើម្បីពលរដ្ឋទាំងសងខាង និងជាស្ពានភ្ជាប់តំបន់អឺរ៉ុប និងអាស៊ាន

image


ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោក អែលឈិន អាមៀបាយ៉ូវ (Elchin Amir bayov) តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ (កម្ពុជា-អាស៊ែបៃហ្សង់) ដែលមានតាំងពីយូរមកហើយ ថា បានឈរលើការជឿជាក់គ្នា ការគោរពគ្នា និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេសទាំងសង ខាង និងផលប្រយោជន៍រួម។ កម្ពុជា-អាស៊ែបៃហ្សង់ មានទស្សនៈ និងឆន្ទៈដូចគ្នាក្នុងការលើកកម្ពស់សន្តិសុខ ផ្តោតលើផលប្រយោជន៍របស់ប្រជា ពលរដ្ឋ។

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ទទួលជួបពិភាក្សាជាមួយលោក អែលឈិន អាមៀបាយ៉ូវ និងសហការី នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់លោក អាមៀបាយ៉ូវ និងគណៈ ប្រតិភូ ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តរឹតចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៩៥ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្តេចធ្លាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅអាស៊ែបៃហ្សង់ និងតែងតែបានជួបពិភាក្សាការងារជាមួយលោកស្រី សាហ៊ីបា ហ្គារ៉ុវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅក្នុងឱកាសចូលរួមវេទិកាអន្តរសភានានា។ សម្តេចបានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់អាស៊ែបៃហ្សង់។
សម្តេចបានគូសបញ្ជាក់បន្តថា ក្នុង រយៈពេលចុងក្រោយនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានវិវឌ្ឍន៍រីកចម្រើនគួរកត់សម្គាល់ តាមរយៈការផ្លាស់ប្តូរ និងការជួបប្រាស្រ័យទាក់ទងគ្នាជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ ពិសេសក្រុមមិត្តភាពរដ្ឋសភាប្រទេសទាំងពីរ។ រដ្ឋសភាប្រទេសទំាងពីរ បានចុះអនុស្ស រណៈនៃការយោគយល់គ្នា (MoU) កាលពីឆ្នាំ២០២២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ នៅកម្ពុជា។

លោក អែលឈិន អាមៀបាយ៉ូវ បានឯកភាពចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានអបអរ សាទរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ។
ជាមួយគ្នានេះ លោក បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា អំពីលទ្ធផលជោគជ័យនៃជំនួបរវាងលោក និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ក៏ដូចជាជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានគណៈប្រតិភូ បានគូសបញ្ជាក់ថា ជំនួបទាំងពីរនេះ បានផ្តល់នូវឱកាសថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាកាន់តែស៊ីជម្រៅ និងសកម្មឡើង លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ កសិកម្មជាដើម។

លោក សង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ នៅខែតុលា ឆ្នាំ២០២៦នេះ ដែលជាការបើកទំព័រថ្មីមួយទៀត ដែលនឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅអាស៊ែបៃហ្សង់ កាលពីឆ្នាំ ២០១៤ កន្លងទៅ។
សម្តេចប្រធានរដ្ឋសភា និងលោកតំណាងពិសេសរបស់ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក៏បានផ្លាស់ប្តូរទស្សនៈជុំវិញការវិវត្តនៃសភាពការណ៍ពិភពលោកនាពេលបច្ចុប្បន្ន ក៏ដូចស្ថាន ភាពព្រំដែននៃប្រទេសជិតខាង និងការការពារអធិបតេយ្យជាតិ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានចែករំលែកព័ត៌មានជុំវិញករណីភាគីថៃ ដែលបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU 2001) ជាឯកតោភាគី។ សម្តេចបានបញ្ជាក់ច្បាស់ៗ ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញានានា និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។
លោក អែលឈីន អាមៀរបាយ៉ូវ ក៏បានចែករំលែកនូវបទពិសោធន៍របស់អាស៊ែបៃហ្សង់ក្នុងការដោះស្រាយជម្លោះព្រំដែន និងការការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាងផងដែរ។ អាស៊ែបៃហ្សង់សម្រេចបានជោគជ័យតាមរយៈការកសាងផ្ទៃក្នុងជាតិឱ្យរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា ព្រមទាំងការប្រើប្រាស់រូបមន្ត "សន្តិភាពឈ្នះ-ឈ្នះ" ដើម្បីបញ្ចប់សង្គ្រាមនៅប្រទេសរបស់លោក។
លោកប្រធានគណៈប្រតិភូ បានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា ដែលសម្រេចបាននាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ថា កម្ពុជាកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយនឹងអាចសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ និងទទួលបានសន្តិភាពពេញលេញឡើងវិញជាក់ជាមិនខាន។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ក្នុងការរួម ចំណែកលើកកម្ពស់ចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ឱ្យចលនានេះមានភាពសកម្ម រស់រវើក និងកាន់តែសំខាន់ឡើង។ ចលនាមិនចូលបក្សសម្ព័ន្ធ គឺជាខែលសំខាន់មួយដើម្បីការពារប្រទេសតូចៗ ដូចជាកម្ពុជា និងអាស៊ែបៃហ្សង់ នៅក្នុងស្ថានការណ៍សណ្តាប់ធ្នាប់ពិភពលោក កំពុងប្រឈមហានិភ័យខ្ពស់ ហ៊ុមព័ទ្ធដោយសង្គ្រាមនោះ។ ចលនានេះ សំដៅធ្វើយ៉ាងណាស្តា និងលើកកម្ពស់សណ្តាប់ធ្នាប់ពិភពលោកឡើងវិញ ឱ្យមានសមធម៌ យុត្តិធម៌ និងបរិយាបន្ន ដោយផ្អែកលើច្បាប់អន្តរ ជាតិ។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នៅចុងឆ្នាំ ២០២៦ នេះ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាពិភព លោក (ISC) លើកទី២។ សម្តេច បានអញ្ជើញសភាប្រទេសអាស៊ែបៃហ្សង់ ចូលរួមសន្និសីទដ៏មានសារៈសំ ខាន់នេះ។ សម្តេចបានគូសបញ្ជាក់ថា យើងចាំបាច់ត្រូវពង្រឹងការងារការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ឱ្យកាន់តែរឹងមាំ និងផ្តោតឆ្ពោះទៅអនាគត ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ទាំងក្នុងកម្រិតតំបន់ និងសកលលោក។

សម្តេចប្រធានរដ្ឋសភា និងលោកប្រធានគណៈប្រតិភូបានយល់ស្របគ្នាថា ការទូតសភា មានសារៈសំខាន់ណាស់ ជាស្ពាន់តភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឈានឆ្ពោះទៅការពង្រឹងវិស័យនានា ទំាងពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ថាមពល និងបច្ចេកវិទ្យាជាដើម៕
អត្ថបទ៖ វង សុភ័ក្ត្រ