លោកត្រាំ ព្យាករណ៍ពីយុគសម័យមាសថ្មីនៃសេដ្ឋកិច្ច ក្រោយបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាទិភាពខ្ពស់បំផុតរបស់លោកនៅពេលនេះ គឺការទប់ស្កាត់មិនឱ្យប្រទេសអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោកយល់ឃើញថា នេះគឺជាបញ្ហាសន្តិសុខសកលដ៏សំខាន់បំផុត ដែលសូម្បីតែការប្រែប្រួលនៃទីផ្សារភាគហ៊ុន ក៏មិនទាន់មានទម្ងន់ស្មើនឹងការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់ទីក្រុងតេហ៍រ៉ង់នោះដែរ ។
ទាក់ទងនឹងសម្ពាធសេដ្ឋកិច្ចដែលពលរដ្ឋអាម៉េរិកកំពុងជួបប្រទះ លោក ត្រាំ អះអាងថា ប្រជាជនភាគច្រើនរហូតដល់ ៨៥% យល់ព្រមចំពោះវិធានការតឹងរ៉ឹងលើអ៊ីរ៉ង់។ លោកលើកឡើងថា «នៅពេលសង្គ្រាមនេះចប់ តម្លៃប្រេងនឹងធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីម្សិលមិញ ប្រេងមានតម្លៃ ៩៩ ទៅ ១០០ ដុល្លារ ដែលចាត់ទុកថាទាបសមរម្យនៅឡើយ ។
លោកប្រធានាធិបតី ព្យាករណ៍ពី «យុគសម័យមាសថ្មីនៃសេដ្ឋកិច្ច» ដែលនឹងកើតឡើងភ្លាមៗក្រោយការប្រកាសបញ្ចប់សង្គ្រាម។ លោកប្ដេជ្ញាថា ទីផ្សារភាគហ៊ុននឹងមានសន្ទុះហក់ឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោកផ្ទាល់នឹងក្លាយជាអ្នកប្រកាសពីជោគជ័យនេះទៅកាន់ពិភពលោក ក្នុងនាមជាអ្នកធ្វើការសម្រេចចិត្តកំពូលក្នុងជម្លោះនេះ ។
លោក ត្រាំ បានបង្ហើបពីឥទ្ធិពលយោធារបស់អាម៉េរិក ដោយបញ្ជាក់ថា លោកចង់ឱ្យប្រតិបត្តិការនេះទទួលបានជោគជ័យទាំងស្រុង។ លោកអះអាងថា បើអាម៉េរិកដកខ្លួនចេញនៅពេលនេះ អ៊ីរ៉ង់នឹងត្រូវចំណាយពេលដល់ទៅ ២៥ ឆ្នាំដើម្បីស្តារប្រទេសឡើងវិញ ប៉ុន្តែលោកចង់បន្តរហូតដល់គោលដៅបញ្ចប់សង្គ្រាមបានសម្រេចជោគជ័យ ដើម្បីបើកផ្លូវទៅកាន់កំណើនសេដ្ឋកិច្ចដ៏មហិមា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Jim Watson/AFP/Getty Images