សង្គម

ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក កើនខ្លាំងដល់ជិត ៤០% ខណៈកម្ពុជារំពឹងថាអាមេរិកនឹងមិនយកពន្ធលើស ១៩%

image


ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៤,៤៧ពាន់លានដុល្លារ កើនឡើង ៣៩,៩% ខណៈការនាំចូលពីសហរដ្ឋអាមេរិក មានតម្លៃប្រមាណ ១៨២លានដុល្លារ កើនឡើង ៨៦,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បច្ចុប្បន្ន សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកាន់ទីផ្សារអាមេរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង កាបូបធ្វើដំណើរ ឧបករណ៍ទេសចរណ៍ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងទំនិញទាក់ទងនឹងការកម្សាន្ត។ ចំណែកការនាំចូលពីសហរដ្ឋអាមេរិកវិញ ភាគច្រើនជារថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច ឱសថ និងឧបករណ៍វេជ្ជសាស្ត្រ។

ទោះជាយ៉ាងណា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយថ្មីៗរបស់រដ្ឋបាលអាមេរិកផងដែរ បន្ទាប់ពីតុលាការអាមេរិកសម្រេចលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ប្រកាសដាក់លើបណ្តាប្រទេសនានា ទោះបីជាកម្ពុជា និងសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កាលពីខែតុលា ឆ្នាំ២០២៥កន្លងទៅហើយក៏ដោយ។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានថ្លែងក្នុងពិធីបើកវេទិកាវិនិយោគនៅកម្ពុជា ឆ្នាំ២០២៦ កាលពីសប្តាហ៍មុនថា កម្ពុជាសង្ឃឹមថា នឹងបន្តមានលទ្ធភាពចរចាជាមួយសហរដ្ឋអាមេរិក ដោយយកលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលសម្រេចបានកន្លងមក ជាមូលដ្ឋានសម្រាប់កំណត់អត្រាពន្ធគយថ្មីៗនាពេលខាងមុខ មិនឲ្យលើសពីអត្រា ១៩% ដែលកម្ពុជា ទទួលបានតាមកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ពីតុលាការកំពូលអាមេរិក សម្រេចលុបចោលពន្ធបដិការ ក្រុមការងារពិសេសរបស់កម្ពុជា ក៏បានជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីសាកសួរថា តើសហរដ្ឋអាមេរិក នៅតែគោរពកិច្ចព្រមព្រៀងដែលបានចុះជាមួយកម្ពុជាដែរឬទេ។ ជាការឆ្លើយតប ភាគីអាមេរិកបានអះអាងថា នឹងបន្តគោរពកិច្ចព្រមព្រៀង និងរក្សាអត្រាពន្ធគយបដិការសម្រាប់កម្ពុជា មិនឲ្យលើស ១៩% នោះឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ទោះបីជាពន្ធក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មអាមេរិក នឹងត្រូវផុតកំណត់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ខាងមុខក៏ដោយ ប៉ុន្តែប្រធានាធិបតីអាមេរិក នៅតែអាចប្រើប្រាស់មាត្រាផ្សេងៗទៀតនៃច្បាប់ពាណិជ្ជកម្ម ដូចជា មាត្រា ៣០១ ឬមាត្រា ២៣២ ដើម្បីដាក់ពន្ធឡើងវិញបាន។

លោកឧបនាយករដ្ឋមន្ត្រី អះអាងថា មាត្រា ៣០១ អនុញ្ញាតឲ្យរដ្ឋបាលអាមេរិក កំណត់អត្រាពន្ធដោយមិនមានដែនកំណត់ច្បាស់លាស់ និងអាចអនុវត្តបានរយៈពេលរហូតដល់ ៤ឆ្នាំ។ ប៉ុន្តែដោយសារកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយអាមេរិករួចហើយ ភាគីអាមេរិកបានបញ្ជាក់ថា នឹងមិនកំណត់ពន្ធលើកម្ពុជា ឲ្យលើសពី ១៩% នោះទេ ហើយថែមទាំងធានាថា កម្ពុជា នឹងមិនមានអត្រាពន្ធខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ឡើយ។

សូមជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦ តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចលុបចោលពន្ធបដិការដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់ប្រកាសដាក់លើបណ្តាប្រទេសនានា កាលពីខែមេសា ឆ្នាំ២០២៥ រួមទាំងកម្ពុជាផងដែរ។ បន្ទាប់មក រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ពន្ធគយសកលថ្មីក្នុងអត្រា ១០% ដោយប្រើប្រាស់មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤។

ជុំវិញវិធានការនេះ ពេលថ្មីៗនេះ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. Court of International Trade) បានសម្រេចថា ការដំឡើងពន្ធគយសកល ១០% ក្រោមមាត្រា ១២២ គឺ “ខុសច្បាប់” និងលើសដែនកំណត់អំណាចដែលច្បាប់អនុញ្ញាត។ ទោះយ៉ាងណា សាលក្រមនេះ មិនទាន់មានន័យថា ពន្ធគយ ១០% ត្រូវបានលុបចោលទាំងស្រុងភ្លាមៗនោះទេ ដោយតុលាការបានបង្គាប់ឲ្យផ្អាកអនុវត្តតែចំពោះដើមបណ្តឹងមួយចំនួនប៉ុណ្ណោះ ខណៈសម្រាប់អ្នកនាំចូល និងបណ្តាប្រទេសផ្សេងទៀត ពន្ធនេះនៅតែបន្តអនុវត្តជាបណ្តោះអាសន្ន ស្របពេលរដ្ឋាភិបាលអាមេរិកកំពុងប្តឹងឧទ្ធរណ៍។

គួរជម្រាបផងដែរថា ក្រុមការងារពិសេសរបស់កម្ពុជា គ្រោងនឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីបន្តកិច្ចចរចាជាមួយតំណាងពាណិជ្ជកម្មអាមេរិក ក្នុងគោលបំណងបញ្ចប់ការចរចាពាក់ព័ន្ធនឹងអត្រាពន្ធគយថ្មី និងរក្សាសមត្ថភាពប្រកួតប្រជែងរបស់ទំនិញកម្ពុជា នៅលើទីផ្សារអាមេរិក៕