សមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីលើកកម្ពស់ការគាំពារផ្នែកសុខុមាលភាពជូនសិល្បករកម្ពុជា និងការយល់ដឹងលើបញ្ហាសុខភាព ជូនដល់ប្រជាពលរដ្ឋខ្មែរ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នៅមន្ទីរពេទ្យ អឃីតកោះពេជ្រ សមាគមសិល្បករខ្មែរ និងមន្ទីរពេទ្យអឃីត បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានសុខភាពឲ្យបានកាន់តែទូលំទូលាយ ផ្តល់ការយល់ដឹងពីបញ្ហាសុខភាពដល់ប្រជាពលរដ្ឋខ្មែរ និងលើកកម្ពស់សុខុមាលភាពសង្គមជូនដល់សិល្បករ សិល្បការិនីកម្ពុជា។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ, ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន KLYP Investments, លោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ បុគ្គលិក ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរ សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។
តំណាងសមាគមសិល្បករខ្មែរ ឧកញ៉ា គិត លីច័ន្ទផាន់ណា អនុប្រធាន និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមសិល្បករខ្មែរ និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន KLYP Investments បានថ្លែងសុន្ទរកថា ក្នុងនាមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដោយបានគូសបញ្ជាក់ថា កិច្ចសហការនេះ គឺជាការបង្ហាញពីឆន្ទៈរួមក្នុងការលើកកម្ពស់គុណភាពជីវិត ការទទួលបានសេវាសុខាភិបាល និងសុខុមាលភាពរបស់សិល្បករ សិល្បការិនីទូទាំងប្រទេស ជាពិសេសសិល្បកររាមច្បង ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងទេពកោសល្យក្នុងការអភិរក្ស និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ។
លោកបានមានប្រសាសន៍ថា សិល្បករ សិល្បការិនី គឺជាធនធានដ៏មានតម្លៃរបស់សង្គម និងជាអ្នកថែរក្សាអត្តសញ្ញាណជាតិខ្មែរ។ ការយកចិត្តទុកដាក់លើសុខភាព សេចក្តីថ្លៃថ្នូរ និងសុខុមាលភាពរបស់ពួកគាត់ គឺជាកាតព្វកិច្ចដែលយើងទាំងអស់គ្នាត្រូវរួមគ្នាគាំពារ និងថែរក្សា។ តាមរយៈអនុស្សរណៈយោគយល់នេះ សមាជិកសមាគមសិល្បករខ្មែរ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីមន្ទីរពេទ្យអឃីតកោះពេជ្រ និងមន្ទីរពហុព្យាបាល អឃីតសែនសុខ រួមមានសេវាពិនិត្យ ព្យាបាល និងការថែទាំសុខភាពប្រកបដោយគុណភាព ព្រមទាំងលក្ខខណ្ឌអនុគ្រោះផ្សេងៗ។
កិច្ចសហការនេះ ក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់មន្ទីរពេទ្យអឃីត ក្នុងការអនុវត្តទំនួលខុសត្រូវសង្គម និងសកម្មភាពមនុស្សធម៌ តាមរយៈការគាំទ្រដល់សហគមន៍សិល្បករកម្ពុជា និងរួមចំណែកដល់និរន្តរភាពនៃវិស័យសិល្បៈវប្បធម៌ជាតិ។
នៅក្នុងពិធីនោះផងដែរ តំណាងមន្ទីរពេទ្យអឃីត លោក ម៉ា អ៊ែមមឺសិន ម៉ានី នាយកប្រតិបត្តិនៃមន្ទីរពេទ្យអឃីត និងជានាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានសំខាន់មួយក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកសុខភាពទៅកាន់សាធារណជន ដែលសមាគមសិល្បករខ្មែរអាចផ្សព្វផ្សាយ និងបញ្ជ្រៀបសារសុខភាពប្រកបដោយឥទ្ធិពល ជួយឲ្យសាធារណជនកាន់តែយកចិត្តទុកដាក់លើសុខភាព និងសុខុមាលភាពរបស់ខ្លួន លោកបានបន្ថែមថា ក្នុងនាមជាមន្ទីរពេទ្យខ្មែរ យើងមានមោទនភាព ក្នុងការប្រើប្រាស់ចំណេះជំនាញ និងវិជ្ជាជីវៈមកបម្រើជាតិមាតុភូមិ ដោយភាពស្មោះត្រង់ និងទំនុកចិត្ត។ រាល់ការខិតខំប្រឹងប្រែងរបស់យើង គឺដើម្បីធានាបាននូវសុខសុវត្ថិភាព សុខភាព និងស្នាមញញឹមសម្រាប់ប្រជាជនខ្មែរ។
ភាគីទាំងពីរ បានសម្តែងនូវជំនឿជាក់ថា កិច្ចសហការនេះនឹងបន្តរីកចម្រើន និងក្លាយជាគំរូសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងស្ថាប័នវប្បធម៌ផ្សេងៗទៀតនៅកម្ពុជា។
សមាគមសិល្បករខ្មែរ នឹងបន្តស្វែងរកឱកាស និងកិច្ចសហការនានា ដើម្បីគាំទ្រដល់សិល្បករ សិល្បការិនី លើផ្នែកសុខុមាលភាព សង្គមកិច្ច និងការអភិវឌ្ឍជីវភាព ខណៈដែលមន្ទីរពេទ្យអឃីត បន្តបេសកកម្មផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងការយកចិត្តទុកដាក់ខ្ពស់ជូនដល់ប្រជាជនកម្ពុជា។
សមាគមសិល្បករខ្មែរ មានបេសកកម្មគាំទ្រ លើកកម្ពស់ និងអភិរក្សសិល្បៈវប្បធម៌កម្ពុជា ព្រមទាំងការពារផលប្រយោជន៍ និងលើកកម្ពស់ការអភិវឌ្ឍវិជ្ជាជីវៈរបស់សិល្បករ សិល្បការិនីទូទាំងព្រះរាជាណាចក្រកម្ពុជា។ អាសយដ្ឋាន: ផ្ទះ៣៩ ផ្លូវ៣៧៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ទូរសព្ទលេខ:០៩៥ ៨២៦ ៨២៦ ឬ ០៩៥ ៨២៧ ៨២៧។
មន្ទីរពេទ្យ អឃីត កោះពេជ្រ និងមន្ទីរពហុព្យាបាល អឃីត សែនសុខ បេ្តជ្ញាផ្តល់ជូនការថែទាំសុខភាពបែបវេជ្ជសាស្រ្តដែលប្រកបដោយគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់ ក្នុងការបំពេញនូវរាល់តម្រូវការសុខភាពជូនដល់គ្រប់ស្រ្តី កុមារ និងក្រុមគ្រួសារ។ មន្ទីរពេទ្យអឃីត មានឯកទេសផ្នែកសម្ភព រោគស្ត្រី ផ្នែកកុមារ និងទារក ផ្នែកថែរក្សា និងកែសម្ផស្ស ផ្នែកត្រចៀក ច្រមុះ បំពង់ក ផ្នែកជំងឺទូទៅ និងផ្នែកវះកាត់ផ្សេងៗទៀត ដែលក្នុងនោះ យើងមានក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញជាង 100 នាក់ និងបានផ្តល់សេវាកម្មជូនអតិថិជនជាង 400,000 តាំងពីឆ្នាំ 2018 មក៕