សង្គម

ក្រសួងបរិស្ថាន នឹងបន្តធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពទឹក និងបន្តជំរុញ «យុទ្ធនាការផ្ទៃទឹកស្អាត» ខណៈអង្គការ JICA នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះភាពជាដៃគូជិតស្និទ្ធជាមួយកម្ពុជា

image


ភ្នំពេញ៖ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថាក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រសួងបរិស្ថាន នឹងបន្តធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពទឹក តាមរយៈការបំពាក់ស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិបន្ថែម ការបំពាក់រថយន្តតាមដានគុណភាពទឹក ចល័ត និងការរៀបចំមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹក។ ទន្ទឹមនេះ ក្រសួងនឹងបន្តជំរុញ «យុទ្ធនាការផ្ទៃទឹកស្អាត» ដើម្បីសម្អាតប្រភពទឹកសាធារណៈ និងជំរុញការបំពាក់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់រាវ និង ឧបករណ៍ស្វ័យត្រួតពិនិត្យនៅគ្រប់ប្រភពបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមាន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការសម្របសម្រួលរួមនៃគម្រោង ”ពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក” នាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦, លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បន្តថា ការគ្រប់គ្រងគុណភាពទឹក គឺជាអាទិភាពដ៏សំខាន់មួយសម្រាប់ការអភិរក្សជីវៈចម្រុះ ការពារសុខភាពសាធារណៈ រណៈ និងធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថាន បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសជប៉ុន (JICA) អនុវត្តគម្រោងស្តីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ជំហានទី១ ក្នុងអំឡុងឆ្នាំ២០១៧-២០២១ ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា ផលសំខាន់ៗជាច្រើន។ បន្តពីនេះ គម្រោងជំហានទី២ ត្រូវបានអនុម័តសម្រាប់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៦ ដោយជ្រើសរើសស្ទឹងព្រែកត្នោតជាតំបន់គោលដៅអនុវត្តគម្រោងដំបូង។ គម្រោងនេះផ្តោតលើការលើកកម្ពស់ភាពត្រឹមត្រូវ និងជឿជាក់នៃការវិភាគគុណភាពទឹក ការបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក លើកកម្ពស់ និងអធិការកិច្ចសំណល់រាវ ការពង្រឹងសមត្ថភាពរៀបចំផែនការគ្រប់គ្រងគុណភាពទឹក និងការចែករំលែកការ អនុវត្តល្អៗជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន។

លោក សាបូ អូហ្សាណូ បញ្ជាក់ថា រហូតមកដល់ពេលនេះ គម្រោងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដោយបានពង្រឹងសមត្ថ ភាពមន្ទីរពិសោធន៍ អភិវឌ្ឍន៍និងអនុវត្តស្តង់ដារប្រតិបត្តិការងារ (SOP) កែលម្អយន្តការអធិការកិច្ចប្រភព បំពុល និងបង្កើតមូលដ្ឋានទិន្នន័យគុណភាពទឹករួម ដែលអាចប្រើប្រាស់សម្រាប់ការគ្រប់គ្រង និងសម្រេច ចិត្តប្រកបដោយប្រសិទ្ធភាព។

លោកស្រី ម៉ីយូរ៉ា យូហ្ស៊ីកូ តំណាងជាន់ខ្ពស់អង្គការ JICA ប្រចាំកម្ពុជា គម្រោងរយៈពេល ៣ឆ្នាំនេះ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២៣ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦ គោលបំណងបង្កើតប្រព័ន្ធត្រួតពិនិត្យ និងគ្រប់គ្រងសមស្របសម្រាប់ផ្ទៃទឹក និងទឹកសំណល់ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹក។
លោកស្រីបញ្ជាក់ថា JICA នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះភាពជាដៃគូជិតស្និទ្ធជាមួយសមភាគីកម្ពុជា។ ការដឹកនាំដ៏រឹងមាំរបស់ក្រសួងបរិស្ថាន និងកិច្ចសហប្រតិបត្តិការអន្តរស្ថាប័នប្រកបដោយនិរន្តរភាព នឹងជាគន្លឹះក្នុងការសម្រេចបានលទ្ធផលស្របតាមអាទិភាពបរិស្ថានរបស់កម្ពុជា។ កិច្ចប្រជុំនេះគឺជាឱកាសដ៏មានតម្លៃដើម្បីពិនិត្យមើលវឌ្ឍនភាព និងបញ្ជាក់ពីជំហានដែលនៅសល់ឆ្ពោះទៅរកការបញ្ចប់គម្រោង ប្រកបដោយភាពជោគជ័យ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ