អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី៖ លោក ពុទីន តែងតែរីករាយជានិច្ចក្នុងការទទួលស្វាគមន៍លោក ត្រាំ នៅក្នុងរដ្ឋធានីមូស្គូ
រុស្ស៊ី៖ វិមានក្រឹមឡាំង បានបង្ហាញសញ្ញាវិជ្ជមានជាថ្មីម្ដងទៀត ចំពោះទំនាក់ទំនងរវាងមហាអំណាចរុស្ស៊ី និងអាម៉េរិក ដោយអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitri Peskov) បានបញ្ជាក់ថា លោក វ្ល៉ាឌីមៀ ពុទីន តែងតែបង្ហាញបំណងចង់ជួប និងស្វាគមន៍លោក ដូណាល់ ត្រាំ ដោយផ្ទាល់នៅក្នុងទីក្រុងមូស្គូ ។
ការអញ្ជើញនេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាជាចំណុចដែលមេដឹកនាំរុស្ស៊ីតែងតែរំឭកដល់លោក ត្រាំ ជានិច្ចនៅពេលដែលមានការជជែកគ្នាតាមទូរសព្ទ ដែលបង្ហាញពីបំណងចង់ពង្រឹងកិច្ចសន្ទនាកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងការអញ្ជើញនេះ យន្តការការទូតនៅពីក្រោយឆាកក៏កំពុងដំណើរការយ៉ាងមមាញឹកផងដែរ តាមរយៈទំនាក់ទំនងជាប់ជានិច្ចរវាងជំនួយការជាន់ខ្ពស់របស់លោក ពុទីន និងបេសកជនពិសេសរបស់លោក ត្រាំ។ ទោះបីជាមិនទាន់មានកាលវិភាគជាក់លាក់សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការក៏ដោយ ប៉ុន្តែការរក្សាទំនាក់ទំនងនេះ គឺជាសញ្ញាដែលបង្ហាញថា ភាគីទាំងពីរកំពុងព្យាយាមស្វែងរកចំណុចរួម ដើម្បីឈានទៅរកដំណោះស្រាយនយោបាយណាមួយនាពេលអនាគត ។
គោលដៅចម្បងនៃកិច្ចពិភាក្សាទាំងនេះ គឺជាការស្វែងរកផ្លូវបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន តាមរយៈការចរចាត្រីភាគីដែលមានអាម៉េរិកជាអ្នកសម្របសម្រួល។ បើទោះបីជាកិច្ចព្រមព្រៀងសន្តិភាពពេញលេញមិនទាន់អាចសម្រេចបានភ្លាមៗក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៃការពិភាក្សានៅរដ្ឋផ្លរីដានាពេលកន្លងទៅ បានផ្ដល់ក្ដីសង្ឃឹមថ្មីក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ និងឈានទៅរកការបិទបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Foxnews on Microsoft Bing