ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បើកកិច្ចប្រជុំរួមគ្នា ដើម្បីជំរុញយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្ម សំដៅធានាទីផ្សារ និងស្ថិរភាពតម្លៃ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្ម សំដៅធានាទីផ្សារ ស្ថិរភាពតម្លៃ និងលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចក្នុងវិស័យស្រូវអង្ករកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សហព័ន្ធស្រូវអង្ករកម្ពុជា តំណាងសហគមន៍កសិកម្មទំនើប និងធនាគារ ARDB។
ក្នុងកិច្ចពិភាក្សា ភាគីពាក់ព័ន្ធបានផ្តោតសំខាន់លើការគាំទ្រការអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល តាមរយៈការពង្រឹងការតភ្ជាប់រវាងសហគមន៍កសិកម្មទំនើប អ្នកទិញ និងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។
យន្តការដែលត្រូវបានលើកយកមកពិភាក្សា រួមមាន ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាពផលិតផល និងការរៀបចំផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាងអ្នកផលិត និងអ្នកទិញ ព្រមទាំងធានាស្ថិរភាពតម្លៃទីផ្សារ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ក្នុងបរិបទវិបត្តិសកលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃកសិកម្មឱ្យមានប្រសិទ្ធភាព គឺជាយន្តការសំខាន់ក្នុងការផ្ដល់ភាពច្បាស់លាស់ និងភាពប្រាកដប្រជាដល់ប្រជាកសិករ និងវិស័យឯកជន ក្នុងការផលិត និងកែច្នៃផលិតផលកសិកម្ម ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងពង្រឹងសន្តិសុខស្បៀងរបស់កម្ពុជា៕
អត្ថបទ៖ សុភ័ស្ស