មនុស្ស១៤នាក់បាត់ខ្លួន ក្រោយលិចទូកដឹកជនអន្តោប្រវេសន៍ខុសច្បាប់ នៅឯឆ្នេរសមុទ្រភាគខាងលិចប្រទេសម៉ាឡេស៊ី
ម៉ាឡេស៊ី៖ អាជ្ញាធរសមុទ្រម៉ាឡេស៊ី កំពុងបន្តធ្វើប្រតិបត្តិការស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ១៤ នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីលិចទូកដែលដឹកជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន ៣៧ នាក់ នៅក្បែរកោះ Pangkor។ ហេតុការណ៍នេះ បានផ្អើលឈូឆរ បន្ទាប់ពីអ្នកនេសាទក្នុងស្រុកម្នាក់បានប្រទះឃើញអ្នករស់រានមានជីវិតចំនួន ២៣ នាក់កំពុងអណ្តែតក្នុងសមុទ្រ កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ។
តាមការស៊ើបអង្កេត ឱ្យដឹងថា ជនអន្តោប្រវេសន៍ទាំងនេះមានប្រភពមកពីប្រទេសឥណ្ឌូណេស៊ី ដោយបានធ្វើដំណើរចេញពីតំបន់ Kisaran កាលពីថ្ងៃទី៩ ខែឧសភា ក្នុងបំណងចូលមកធ្វើការដោយខុសច្បាប់នៅក្នុងទីក្រុងធំៗនៃប្រទេសម៉ាឡេស៊ី។ ទីភ្នាក់ងារអនុវត្តច្បាប់សមុទ្រម៉ាឡេស៊ី (MMEA) បានប្រើប្រាស់មធ្យោបាយទាំងតាមទឹក និងតាមអាកាស រួមមានទូក ឧទ្ធម្ភាគចក្រ និងយន្តហោះស៊ើបការណ៍ ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលនៅសេសសល់ ។
ករណីលិចទូកនេះ បានឆ្លុះបញ្ចាំងពីគ្រោះថ្នាក់នៃដំណើរឆ្លងដែនខុសច្បាប់ ដែលជួយសម្រួលដោយក្រុមមេខ្យល់ជួញដូរមនុស្ស ខណៈម៉ាឡេស៊ី នៅតែជាគោលដៅចម្បងសម្រាប់ពលករមកពីតំបន់ក្រីក្រក្នុងតំបន់អាស៊ី។ គ្រោះថ្នាក់ស្រដៀងគ្នានេះ ធ្លាប់បានសម្លាប់មនុស្សដល់ទៅ ៣៦ នាក់កាលពីចុងឆ្នាំ២០២៥ ដែលបង្ហាញពីហានិភ័យខ្ពស់នៃលំហូរជនអន្តោប្រវេសន៍ខុសច្បាប់តាមផ្លូវទឹក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ Malaysian Maritime Enforcement Agency/Handout via Reuters