ព័ត៌មានជាតិ

សន្ទុះគាំទ្រក្នុងស្រុក នាំឱ្យកសិដ្ឋាននៅសិង្ហបុរី បង្កើនផលិតកម្មស៊ុត និងបន្លែគួរឱ្យកត់សម្គាល់

image

សិង្ហបុរី៖ កសិដ្ឋានក្នុងស្រុករបស់សិង្ហបុរី កំពុងសម្រេចបាននូវកំណើនផលិតកម្មស៊ុត និងបន្លែគួរឱ្យកត់សម្គាល់ បន្ទាប់ពីការខិតខំពង្រីកទីផ្សារ និងការបង្កើតទំនាក់ទំនងរឹងមាំជាមួយផ្សារបន្លែនានា។ ការកើនឡើងនូវការគាំទ្រពីពលរដ្ឋក្នុងស្រុក បានក្លាយជាកម្លាំងចលករដ៏សំខាន់ដែលអនុញ្ញាតឱ្យកសិករមានលទ្ធភាពពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ។


ទោះបីជាមានភាពជោគជ័យលើផ្នែកលក់ក៏ដោយ ក៏វិស័យកសិកម្មក្នុងស្រុកកំពុងប្រឈមមុខនឹងឧបសគ្គយ៉ាងខ្លាំងពីកត្តាខាងក្រៅ។ ជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបន្តបានជះឥទ្ធិពលដោយផ្ទាល់ដល់ការកើនឡើងតម្លៃជី ចំណីសត្វ និងប្រេងឥន្ធនៈ ដោយធ្វើឱ្យថ្លៃដើមផលិតកម្មហក់ឡើងខ្ពស់ ។


កង្វះកម្លាំងពលកម្ម និងកម្លាំងពលកម្មវ័យចំណាស់ បានបង្ខំឱ្យកសិដ្ឋានផលិតស៊ុតធំៗ ដូចជា សេង ឈុន (Seng Choon) ងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងរ៉ូបូតបន្ថែមទៀត។ ការវិនិយោគលើប្រព័ន្ធ AI មិនត្រឹមតែជួយសម្រាលការងារកម្មករចាស់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពក្នុងការត្រួតពិនិត្យគុណភាពស៊ុតបានរហូតដល់ ១២៥,០០០ គ្រាប់ក្នុងមួយម៉ោងឯណោះ ។


សម្រាប់ផ្នែកដាំដុះបន្លែវិញ កសិដ្ឋានលើដំបូលអគារ ស្ត្រេត អាល់គ្រីខាល់ឈ័រ (Straits Agriculture) កំពុងជួបបញ្ហាដោយសារតែបាតុភូតអាកាសធាតុមិនទៀងទាត់ និងកង្វះពន្លឺព្រះអាទិត្យព្រោះតែភ្លៀងធ្លាក់ច្រើន។ ដើម្បីរក្សាស្ថិរភាពផ្គត់ផ្គង់ កសិដ្ឋាន ត្រូវបង្ខំចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រដោយដាំដុះដំណាំដែលធន់ៗនៅក្រៅផ្ទះកញ្ចក់វិញ ដើម្បីកាត់បន្ថយការចំណាយលើការសាងសង់ ។


តាមរយៈយុទ្ធសាស្ត្រចែករំលែកភស្តុភារ បានក្លាយជាដំណោះស្រាយដ៏ឆ្លាតវៃក្នុងការទប់ទល់នឹងការឡើងថ្លៃដឹកជញ្ជូនដល់ទៅ ៤២ ភាគរយ ដោយមានការសហការគ្នារវាងកសិដ្ឋាន និងកសិដ្ឋានក្នុងការរួមបញ្ចូលការដឹកជញ្ជូនតែមួយ ដែលប្រជាកសិករអាចកាត់បន្ថយការចំណាយបានប្រហែល ២០ ភាគរយ ដែលនេះ ក៏ជួយឱ្យតម្លៃផលិតផលលក់រាយនៅមានស្ថិរភាពសម្រាប់អ្នកប្រើប្រាស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ CNA