មនុស្ស ៣នាក់ស្លាប់ ក្រោយអ៊ីស្រាអ៊ែលបាញ់ផ្លោងលើទីប្រជុំជន Jarjouaa ភាគខាងត្បូងលីបង់
លីបង់៖ តាមរយៈវីដេអូដែលថតបាននៅទីប្រជុំជន ហ្សាហ្ស៊ូអា (Jarjouaa) ភាគខាងត្បូងលីបង់ កាលពីថ្ងៃចន្ទ បានបង្ហាញពីទិដ្ឋភាពមីស៊ីលបាញ់ចំតំបន់លំនៅឋាន បង្កើតជាផ្សែងហុយយ៉ាងខ្លាំង។ យោងតាមរបាយការណ៍ យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារចំនួនពីរលើក បណ្ដាលឱ្យផ្ទះមួយខ្នងត្រូវបំផ្លាញទាំងស្រុង។ ក្រសួងសុខាភិបាលលីបង់ បញ្ជាក់ថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងពីថ្ងៃទី២ ខែមីនា រហូតដល់ថ្ងៃទី១១ ខែឧសភា ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ២,៨៦៩ នាក់ និងរបួស ៨,៧៣០ នាក់ ។
កាលពីថ្ងៃអាទិត្យ កងទ័ពអ៊ីស្រាអ៊ែល បានចេញសារព្រមានដល់អ្នកស្រុកនៅតំបន់ ឌែរ អ៊ែសហ្សារ៉ានី (Deir ez-Zahrani) ហ្សាហ្ស៊ូរ៉ា (Jarjouaa) និង ហ្សេស៊ីន (Jezzine) ដោយលើកឡើងថា ដោយសារតែក្រុមហេសបូឡាហ៍បំពានកិច្ចព្រមព្រៀងបទឈប់បាញ់ ទើបអ៊ីស្រាអ៊ែលត្រូវបង្ខំចិត្តប្រើកម្លាំងបាយ ប៉ុន្តែគ្មានបំណងធ្វើបាបជនស៊ីវិលឡើយ។ ទោះជាយ៉ាងណាក្ដី របាយការណ៍បានឱ្យដឹងថា ការវាយប្រហារនៅទីប្រជុំជនហ្សាហ្ស៊ូរ៉ា (Jarjouaa) បានកើតឡើងក្រោយពីមានការព្រមានមិនដល់ ២ ម៉ោងផង ដោយសកម្មភាពនេះ បានបណ្ដាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងម្នាក់របួសធ្ងន់ ខណៈផ្ទះ ២ ខ្នងត្រូវកម្ទេចទាំងស្រុង ។
បច្ចុប្បន្ន កងទ័ពអ៊ីស្រាអ៊ែល បានកំណត់ខ្សែបន្ទាត់ពណ៌លឿង (Yellow Line) នៅភាគខាងត្បូងលីបង់ ដោយហាមឃាត់អ្នកស្រុកមិនឱ្យត្រឡប់ទៅផ្ទះសម្បែងវិញ ដែលនេះជាយុទ្ធសាស្ត្រធ្លាប់ប្រើនៅតំបន់ហ្គាហ្សា រួចមកហើយ។ អ៊ីស្រាអ៊ែលក៏បានបង្គាប់ឱ្យអ្នកស្រុកក្នុងទីប្រជុំជនប្រហែល ៨០ ផ្សេងទៀតកុំទាន់ត្រឡប់ទៅវិញ ដោយសម្អាងថាខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងសកម្មភាពភេរវកម្ម។ លើសពីនេះ អ៊ីស្រាអ៊ែលមានបំណងបង្កើតតំបន់សន្តិសុខ នៅក្នុងទឹកដីលីបង់ ចាប់ពីព្រំដែនរហូតដល់ទន្លេ លីតានី (Litani) ដែលធ្វើឱ្យផ្ទៃដីប្រហែល ១០% របស់លីបង់ត្រូវបាត់បង់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.