សង្គម

រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែង ដើម្បីធានាកំណើនរយៈពេលវែង ខណៈវិស័យដឹកជញ្ជូនកំពុងឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង

image


ភ្នំពេញ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី ១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានមានប្រសាសន៍ថា វិស័យដឹកជញ្ជូន និងភស្តុភារកម្មកំពុងដើរឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង។ កំពង់ផែនានាក្នុងតំបន់ កំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ខណៈច្រករបៀងដឹកជញ្ជូន និងប្រព័ន្ធដឹកជញ្ជូនពហុ មធ្យោបាយថ្មីៗកំពុងបង្ហាញខ្លួននៅក្នុងតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS)។

ជាមួយគ្នានេះ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមដល់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនសកល។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ ភាពអាចបត់បែនបាន និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីធានាកំណើនរយៈពេលវែង។

លោក ប៉េង ពោធិ៍នា បានណែនាំថា ត្រូវបន្តពន្លឿនការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថល។ ភាពប្រកួតប្រជែងនាពេលអនាគត នឹងមិនពឹងផ្អែកត្រឹមតែលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការ បច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មឆ្លាតវៃផងដែរ។
លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ ដល់កំពង់ផែស្វយ័តភ្នំពេញ ដែលបានបង្ហាញពីលទ្ធផលប្រតិបត្តិការដ៏វិជ្ជមានរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងឆ្នាំ២០២៥ ជាពិសេសកំណើននៃបរិមាណកុងតឺន័រ ទំនិញ ចំណូល និងប្រាក់ចំណេញ។ លទ្ធផលទាំងនេះបានបញ្ជាក់ ពីតួនាទីដ៏សំខាន់របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាច្រកទ្វារភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់។

បើតាមលោក ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងថា បរិមាណកុងតឺន័រសរុបក្នុងឆ្នាំ២០២៥ មានចំនួន ជាង៦០ម៉ឺន TEU (៦០០ ០២៣) កើនឡើងចំនួន ២៤.៩៥% ធៀបនឹងការអនុវត្តឆ្នាំ២០២៤ ជាង៤៨ម៉ឺន TEU (៤៨០ ២០០) សម្រាប់ឆ្នាំ២០២៥ នេះ ក.ស.ភ. សម្រេច បាន ១១៥,២៨% ធៀបនឹងផែនការឆ្នាំ២០២៥ ចំនួន៥២ម៉ឺន TEU (៥២០ ០០០)។ ចំពោះប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ២០២៥ សរុបមានចំនួន ជាង១៩លានដុល្លារអាម៉េរិក (១៩ ៣៣៤ ៩៩៦) សម្រេចបាន ១៤៣,១៩% នៃផែនការឆ្នាំ ២០២៤ ហើយធៀបនឹងឆ្នាំ២០២៤ កើនឡើងជាង៦លានដុល្លារអាម៉េរិក (៦ ៣៧៧ ៥៧៩) ឬស្មើនឹង ៤៧,០២%។

លោក ហ៊ឺ បាវី ឱ្យដឹងដែរថា សម្រាប់ឆ្នាំ២០២៥ តម្លៃភាគហ៊ុនរបស់ ក.ស.ភ. នៅលើផ្សារមូលបត្រកម្ពុជា (CSX) មានស្ថិរភាពក្នុងតម្លៃប្រហែល ១៣ ៨០៥ រៀលក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរជាមធ្យមមាន ប្រមាណ ៦៩៦ ភាគហ៊ុនក្នុងមួយថ្ងៃ។ សម្រាប់ឆ្នាំ២០២៦ គិតត្រឹមបច្ចុប្បន្ន តម្លៃភាគហ៊ុនរបស់ ក.ស.ភ. មានស្ថិរភាពក្នុងតម្លៃ ប្រហែល ១៤ ២៤៧ រៀលក្នុងមួយភាគហ៊ុន ហើយបរិមាណជួញដូរជាមធ្យមមានប្រមាណ ៨២៩ភាគ ហ៊ុនក្នុងមួយថ្ងៃ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី