សង្គម

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា​ និងអាស៊ៃបែហ្សង់ពង្រឹង​ទំនាក់ទំនង សេដ្ឋកិច្ច វិនិយោគ នយោបាយ ជាមួយគ្នា​ខណៈអាស៊ៃបែហ្សង់ បំពេញផ្នែកថាមពលមកកម្ពុជា កម្ពុជាបំពេញឲ្យវិញនូវសន្ដិសុខស្បៀង

image


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍​ថា អាស៊ៃបែហ្សង់ជាប្រទេសដែលមានសន្ដិសុខថាមពល សម្បូរដោយធនធានថាមពល ហើយកម្ពុជាជាប្រទេសដែលមានសន្ដិសុខស្បៀង ដូច្នេះប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងជាមួយគ្នាបានក្នុងក្របខណ្ឌនៃការបំពេញឲ្យគ្នាទៅវិញទៅមក ដោយអាស៊ៃបែហ្សង់ បំពេញផ្នែកថាមពលមកកម្ពុជា ហើយកម្ពុជាបំពេញឲ្យវិញនូវសន្ដិសុខស្បៀង ដែលនេះជាចំណងមិត្ដភាពមួយទៀតនៃការពង្រីកពាណិជ្ជកម្មតាមបែបនៃការបំពេញឲ្យគ្នាទៅវិញទៅមក។

ការថ្លែងបែបនេះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ លោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ៃបែហ្សង់ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦នេះ នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។
យោងតាមលោក ជា ធីរីទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា សម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះវត្ដមានរបស់លោក អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ៃបែហ្សង់ និងសហការីដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលសម្ដេចបានចាត់ទុកដំណើររបស់របស់លោកនាពេលនេះ ជាការរួមចំណែកឲ្យទំនាក់ទំនងកម្ពុជា និងសាធារណរដ្ឋអាស៊ៃបែហ្សង់ និង កាន់តែរឹងមាំបន្ថែមទៀត។
ក្នុងឱកាសជំនួប លោក អែលឈីន អាមៀរបាយ៉ូវ បានសម្ដែងការអរគុណជាអនេកដែលសម្ដេចតេជោ បានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសមនាពេលនេះ។ លោក បានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយលោក បានបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងអាស៊ៃបែហ្សង់ រីកចម្រើន និងល្អប្រសើរ នឹងនៅមានសក្កានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើជាមួយគ្នា ស្របជាមួយគ្នានេះលោក បានសង្កត់ធ្ងន់ទៅលើកិច្ចសន្ទនា នយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នាជាផ្នែកមួយធ្វើឲ្យទំនាក់ទំនងកាន់តែរឺងមាំ។ បន្ថែមលើសពីនេះ លោក បានសម្លឹងមើលទៅលើកាវិនិយោគផ្នែកកសិកម្ម ទេសចរណ៍ដែលបម្រើដល់ក្របខណ្ឌពាណិជ្ជកម្មរវាង កម្ពុជា និងអាស៊ៃបែហ្សង់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះការលលើកឡើងរបស់ លោក តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ៃបែហ្សង់ ជាពិសេសការពង្រីកនូវវិស័យទំនាក់ទំនងក្នុងក្របខណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគដែលជានិច្ចកាល សម្ដេចចង់ឃើញទំនាក់ទំនងនៃប្រទេសនីមួយៗ ជាពិសេសកម្ពុជា និងអាស៊ៃបែហ្សង់ ទៅជាមួយគ្នានៃទំនាក់ទំនងល្អជាមួយគ្នាផ្នែកនយោបាយ ដើម្បីពង្រីកពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគជាដើម។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា អាស៊ៃបែហ្សង់ជាប្រទេសដែលមានសន្ដិសុខថាមពល សំបូរដោយធនធានថាមពល ហើយកម្ពុជាជាប្រទេសដែលមានសន្ដិសុខស្បៀង មានកាផលិតស្បៀងបានច្រើន ដូច្នេះប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងជាមួយគ្នាបានក្នុងក្របខណ្ឌនៃការបំពេញឲ្យគ្នាទៅវិញទៅមក ដោយអាស៊ៃបែហ្សង់ បំពេញផ្នែកថាមពលមកកម្ពុជា ហើយកម្ពុជាបំពេញឲ្យវិញនូវសន្ដិសុខស្បៀង ដែលនេះជាចំណងមិត្ដភាពមួយទៀតនៃការពង្រីកពាណិជ្ជកម្មតាមបែបនៃការបំពេញឲ្យគ្នាទៅវិញទៅមក៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង, ប៉ក់ សុឃីម