កម្ពុជា និងកូរ៉េ ចុះហត្ថលេខាលើកំណត់ហេតុនៃការពិភាក្សា ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើបនៅខេត្តកំពង់ធំ
ភ្នំពេញ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ ហេតុនៃកិច្ចពិភាក្សា ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងការពង្រឹងសមត្ថភាពសហគមន៏កសិកម្មទំនើបនៅខេត្តកំពង់ធំ ស្តីពីគម្រោងលើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
គម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ស្របពេលដែលនេះគឺជាព្រឹត្តិការណ៌ដ៏សំខាន់មួយ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ។
ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងលោកបណ្ឌិត ឆយ ចាន់វ៉ុន (Choi Chan Won) នាយកការិយាល័យគម្រោងសកលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្ម និងម្ហូបអាហារអន្តរជាតិ នៃសាជីវកម្មសហគមន៍ជនបទកូរ៉េ KRC។
ពិធីចុះហត្ថលេខានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមមានតំណាងទីស្តីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា តំណាងអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ តំណាងសហគមន៏ស្វាយចន្ទីកម្ពុជា និងលោកបណ្ឌិត An Sung Soo នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េប្រចាំកម្ពុជា។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំសំខាន់ៗ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងផ្តោតសំខាន់លើការបង្កើនផលិតភាព និងការនាំចេញ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា គម្រោងនេះនឹងរួមចំណែកដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្មកម្ពុជា។ លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បន្ថែមថា គម្រោងនេះ មានគោលបំណងគាំទ្រដល់ការពង្រីកការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងជួយបង្កើនប្រាក់ចំណូលសម្រាប់កសិករខ្នាតតូច និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ធ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅជនបទ តាមរយៈការលើកកម្ពស់បច្ចេកវិទ្យាកែច្នៃទំនើប ការពង្រឹងសមត្ថភាពគ្រប់គ្រងក្រោយពេលប្រមូលផល ការពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើបនៅខេត្តកំពង់ធំ និងការពង្រឹងស្តង់ដារគុណភាពស្វាយចន្ទី និងការពង្រីកទីផ្សារនាំចេញគ្រប់ស្វាយចន្ទី ហើយវាក៏ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យកម្ពុជាក្លាយជាអធិរាជស្វាយចន្ទីនៅលើពិភពលោក។
ជាមួយគ្នានេះ លោកបណ្ឌិត ឆយ ចាន់វ៉ុន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កូរ៉េ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា ដើម្បីធានាការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ។ លោកបណ្ឌិតបញ្ជាក់ថា ពិធីចុះហត្ថលេខានេះ បានបង្ហាញយ៉ាងច្បាស់អំពីមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនេះដែរ ភាគីទាំងពីរ បានបង្ហាញជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងជួយលើកកម្ពស់ខ្សែច្រវ់ាក់តម្លៃគ្រាប់ស្វាយចន្ទី ដែលមានភាពធន់ សមត្ថភាពប្រកួតប្រជែងខ្ពស់ និងបរិយាប័ន្ន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕
អត្ថបទ៖ ចេង ឆហួត