ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ជម្រាបសម្តេចធិបតីពីការប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

------
ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជាបានប្តេជ្ញាខិតខំជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត លើគ្រប់វិស័យ ព្រមទាំងជំរុញការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីនានា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីថា ក្នុងខួបលើកទី៧០ នៃការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ នេះ, ប្រទេសទាំងពីរបានត្រៀមរៀបចំកម្មវិធីអបអរសាទរ ទាំងនៅទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍។ ការលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ រួមទាំងហេដ្ឋារចនាសម្ព័ន ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតលើគ្រប់វិស័យ រវាងឡាវ និងកម្ពុជា ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តពង្រឹង "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង" ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ និងជួយដល់ប្រទេសឡាវ កន្លងមក ជាពិសេសក្នុងពេលដែលឡាវធ្វើជាប្រធានអាស៊ានប្ដូរវេន ឆ្នាំ២០២៤ ក៏ដូចជា ក្នុងគ្រាដែលប្រទេសឡាវស្ថិតក្នុងគ្រាលំបាកនៃការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩។
សម្ដេចធិបតីបានសម្ដែង នូវការអបអរសាទរជូនចំពោះឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ សម្ដេចធិបតីមានជំនឿជឿជាក់ថា ឯកឧត្តម នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅបន្ថែមទៀត នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ផងដែរថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវលើគ្រប់វិស័យ។ សម្តេចធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត ធ្វើការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កសិកម្ម ថាមពលអគ្គីសនី ការពារជាតិ និងសន្តិសុខ៕