លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ចាកចេញពីពន្ធនាគារ ក្រោយអនុវត្តទោស ៨ ខែ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌត្រួតពិនិត្យ
ប្រទេសថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានចាកចេញពីពន្ធនាគារនៅថ្ងៃចន្ទនេះ និងទទួលបានសេរីភាពឡើងវិញក្រោមលក្ខខណ្ឌត្រួតពិនិត្យ បន្ទាប់ពីបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល ៨ ខែ ពីបទពុករលួយ និងរំលោភអំណាច ។
ការដោះលែងនេះ ត្រូវបានធ្វើឡើងដោយសារតែវ័យចំណាស់របស់លោក និងការអនុវត្តទោសដែលនៅសល់ មានរយៈពេលតិចជាមួយឆ្នាំ ខណៈអ្នកគាំទ្រអាវក្រហមរាប់រយនាក់ បានមកជួបជុំគ្នាអបអរសាទរវីរបុរសក្នុងចិត្តរបស់ពួកគេយ៉ាងកុះករនៅមុខពន្ធនាគារ ។
ទោះបីជាទទួលបានសេរីភាពក៏ដោយ លោក ថាក់ស៊ីន នៅតែត្រូវស្ថិតក្រោមការតាមដានតាមរយៈឧបករណ៍អេឡិចត្រូនិច និងត្រូវប្រឈមនឹងរឿងក្តីព្រហ្មទណ្ឌផ្សេងទៀតដែលកំពុងបន្ត។ ជោគជ័យ និងឥទ្ធិពលរបស់ត្រកូលស៊ីណាវ៉ាត់ ហាក់ជួបនឹងភាពរកាំរកូសខ្លះៗ ក្រោយពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ត្រូវបានដកហូតតំណែងជានាយករដ្ឋមន្ត្រី ហើយបក្សភឿថៃទទួលបានលទ្ធផលបោះឆ្នោតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដែលនាំឱ្យមានមន្ទិលសង្ស័យអំពីអនាគតនយោបាយនៃគ្រួសារដ៏មានឥទ្ធិពលមួយនេះ ។
អ្នកវិភាគនយោបាយ យល់ឃើញថា ការវិលត្រឡប់របស់លោក ថាក់ស៊ីន នឹងក្លាយជាកម្លាំងរុញច្រានថ្មីសម្រាប់បក្សភឿថៃនៅក្នុងរដ្ឋាភិបាលចម្រុះបច្ចុប្បន្ន ប៉ុន្តែវាក៏អាចនឹងដុតកម្ដៅភាពតានតឹងជាមួយក្រុមអភិរក្សនិយមផងដែរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT/ CNA | រូបភាព៖ (REUTERS/Athit Perawongmetha)/ (AP Photo/Sakchai Lalit)