របត់ប្រវត្តិសាស្ត្រឥណ្ឌា កើតចេញពីឆន្ទៈមោះមុតរបស់ប្រជាជនក្នុងការទាមទារសេរីភាព
ឥណ្ឌា៖ សង្គ្រាមលោកលើកទី២ បានក្លាយជាចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់សម្រាប់ប្រទេសឥណ្ឌា ដែលកាលនោះ ឥណ្ឌាស្ថិតនៅក្រោមអាណានិគមអង់គ្លេស។ ទាហានឥណ្ឌារាប់លាននាក់ត្រូវបានបញ្ជូនទៅប្រយុទ្ធនៅសមរភូមិឆ្ងាយៗ ដូចជា អាហ្វ្រិក និងអាស៊ី ខណៈធនធានក្នុងស្រុកត្រូវគេយកទៅបម្រើឱ្យសង្គ្រាម ដែលបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងការរស់នៅកាន់តែដុនដាបសម្រាប់ប្រជាជនឥណ្ឌា ។
ប្រវត្តិវិទូនៅទីក្រុងញូវដេលី លោក ហ៊ីនដុល សេងហ្គុបតា (Hindol Sengupta) បានរៀបរាប់ថា ភ្លាមៗបន្ទាប់ពីចប់សង្គ្រាមលោកលើកទី២ បានធ្វើឱ្យចក្រភពអង់គ្លេសធ្លាក់ក្នុងសភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ច និងយោធាយ៉ាងធ្ងន់ធ្ងរ។ ស្ថានភាពនេះ បានធ្វើឱ្យអំណាចនៃអាណានិគមនិយមដែលធ្លាប់តែរឹងមាំ ចាប់ផ្ដើមរង្គោះរង្គើ និងបាត់បង់សមត្ថភាពក្នុងការត្រួតត្រាដែនដីអាណានិគមឆ្ងាយៗ ដែលជាសញ្ញានៃការចាប់ផ្ដើមដួលរលំនៃអាណានិគមអង់គ្លេសនៅលើសកលលោក ។
នៅក្នុងប្រទេសឥណ្ឌាផ្ទាល់ ចលនាទាមទារឯករាជ្យបានងើបឡើងយ៉ាងខ្លាំងក្លា តាមរយៈការតស៊ូគ្រប់រូបភាព រួមទាំងចលនាបដិសេធមិនសហការជាមួយអាណានិគម។ ការលះបង់របស់ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ដែលសុខចិត្តជាប់ពន្ធនាគារ បានបង្ហាញពីឆន្ទៈមោះមុតក្នុងការបណ្ដេញអង់គ្លេសឱ្យចាកចេញពីទឹកដីខ្លួន ដើម្បីកសាងអនាគតថ្មីដោយខ្លួនឯង ។
សង្គ្រាមលោកលើកទី២ មិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិរបស់អង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែវាបានដាស់ស្មារតី ជនជាតិឥណ្ឌាឱ្យឈប់ធ្វើជាទាសករគេតទៅទៀត។ នៅពេលដែលចិត្តប្រជាជនរាប់លាននាក់ចង់បានឯករាជ្យ គ្មានអំណាចអាណានិគមណាម្នាក់អាចមកទប់ជាប់ចលនាតស៊ូរបស់ពួកគេឡើយ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT's video.