ថៃ ប្រកាសដំឡើងថ្លៃសេវាអ្នកដំណើរអន្តរជាតិជាង ៥០% ចាប់ពីថ្ងៃទី២០ ខែមិថុនា ដើម្បីឆ្លើយតបទៅនឹងតម្រូវការថវិកាកាន់តែច្រើនក្នុងការគ្រប់គ្រង
ប្រទេសថៃ៖ រដ្ឋាភិបាលថៃ តាមរយៈក្រុមហ៊ុនរដ្ឋដែលគ្រប់គ្រងព្រលានយន្តហោះអន្តរជាតិធំៗរបស់ប្រទេសនេះ ហៅកាត់ថា AOT បានសម្រេចចិត្តដំឡើងថ្លៃសេវាអ្នកដំណើរអន្តរជាតិ (Departure Fee) រហូតដល់ជាង ៥០% ដែលនឹងចាប់ផ្ដើមអនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ។
ការកែសម្រួលថ្លៃសេវានេះ នឹងធ្វើឱ្យអ្នកដំណើរម្នាក់ៗត្រូវបង់ប្រាក់កើនឡើងពី ៧៣០ បាត ទៅដល់ ១,១២០ បាត (ពី២០.៥០ ដុល្លារ ទៅ ៣១.៥០ ដុល្លារ) សម្រាប់ការចាកចេញពីព្រលានយន្តហោះអន្តរជាតិធំៗចំនួន ៦ នៅក្នុងប្រទេសថៃ ។
ព្រលានយន្តហោះសំខាន់ៗដែលស្ថិតក្នុងបញ្ជីដំឡើងថ្លៃនេះ រួមមានព្រលានយន្តហោះសុវណ្ណភូមិ និងដនមឿង ក្នុងទីក្រុងបាងកក ព្រមទាំងព្រលានយន្តហោះនៅតំបន់ទេសចរណ៍ផ្សេងទៀត រួមមាន ឈៀងម៉ៃ, ឈៀងរ៉ាយ, ភូកេត និងហាត់យ៉ៃ ។
ការសម្រេចចិត្តនេះ បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការថវិកាកាន់តែច្រើន ក្នុងការគ្រប់គ្រង និងស្ដារឡើងវិញនូវវិស័យអាកាសចរណ៍ស៊ីវិលរបស់ជាតិ ។
ចំពោះមូលហេតុនៃការដំឡើងថ្លៃនេះ អាជ្ញាធរអាកាសចរណ៍ថៃបានពន្យល់ថា ចំណូលបន្ថែមដែលទទួលបាននឹងត្រូវយកទៅវិនិយោគលើការកែលម្អសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ។
ថវិកានោះ នឹងត្រូវប្រើប្រាស់ក្នុងការពង្រីកអគារអ្នកដំណើរដើម្បីកាត់បន្ថយភាពចង្អៀត និងការដំឡើងប្រព័ន្ធបច្ចេកវិទ្យាឆែកសំបុត្រយន្តហោះស្វ័យប្រវត្តិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Economic Times | រូបភាព៖ Thairath Online