ការនាំចេញទុរេនរបស់វៀតណាមទៅចិន កំពុងកកស្ទះ ព្រោះត្រូវរង់ចាំលទ្ធផលធ្វើតេស្តសារធាតុគីមី
វៀតណាម៖ វិស័យនាំចេញទុរេនរបស់វៀតណាមកំពុងជួបឧបសគ្គខ្លាំង បន្ទាប់ពីរថយន្តកុងតឺន័ររាប់រយគ្រឿងត្រូវជាប់គាំងនៅខេត្ត ដុងណៃ (Dong Nai) ភាគខាងត្បូងប្រទេស។ ការកកស្ទះនេះកើតឡើងនៅរដូវប្រមូលផលទុរេនកំពុងឈានដល់ចំណុចកំពូល ដែលធ្វើឱ្យសមត្ថភាពរបស់មន្ទីរពិសោធន៍ក្នុងស្រុក មិនអាចឆ្លើយតបនឹងបរិមាណទុរេនដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវធ្វើតេស្តមុននាំចេញទៅចិនបាន ។
អ្នកបើកបររថយន្តដឹកជញ្ជូន ត្រូវបង្ខំចិត្តតម្រង់ជួរនៅលើដងផ្លូវសាធារណៈ និងក្បែរស្ថានីយរថយន្តក្រុង ដោយជួនកាលត្រូវរង់ចាំលើសពី ២៤ ម៉ោង ដើម្បីទទួលបានលទ្ធផលត្រួតពិនិត្យសារធាតុគីមី។ ទោះបីជាការធ្វើតេស្តនៅក្នុងខេត្តផ្ទាល់ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនសម្រាប់អ្នកនាំចេញក៏ដោយ ប៉ុន្តែចំនួនមន្ទីរពិសោធន៍ដែលនៅមានកម្រិត បានក្លាយផលប៉ះពាល់ដែលបង្កឱ្យមានការរំខានដល់ចរាចរណ៍ និងជីវភាពរស់នៅរបស់អ្នកស្រុកជុំវិញនោះ ។
លក្ខខណ្ឌតឹងរ៉ឹងរបស់អាជ្ញាធរគយចិន ក៏បាននាំឱ្យបញ្ហាកាន់តែស្មុគស្មាញ ដែលតម្រូវឱ្យទុរេនទាំងអស់ត្រូវតែឆ្លងកាត់ការពិនិត្យរកសារធាតុហាមឃាត់ជាដាច់ខាត។ មន្ទីរពិសោធន៍ក្នុងស្រុកជាច្រើន មានការភ័យខ្លាចក្នុងការទទួលយកសំណាកមកពិនិត្យ ព្រោះពួកគេអាចនឹងបាត់បង់ការទទួលស្គាល់ជាផ្លូវការពីភាគីចិន បើសិនមានកំហុសបច្ចេកទេសណាមួយកើតឡើងក្នុងដំណើរការបញ្ជាក់គុណភាព ។
យោងតាមទិន្នន័យផ្លូវការ វៀតណាមមានមន្ទីរពិសោធន៍ត្រឹមតែ ២៤ កន្លែងប៉ុណ្ណោះដែលចិនទទួលស្គាល់ ហើយភាគច្រើននៃទីកន្លែងទាំងនោះស្ថិតនៅឆ្ងាយពីតំបន់កសិកម្មសំខាន់ៗ។ កង្វះខាតហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យនៅក្បែរប្រភពដាំដុះ ដូចជាខេត្ត ដុងណៃ (Dong Nai) ជាដើមនេះ បានក្លាយជាមូលហេតុចម្បងដែលធ្វើឱ្យច្រវាក់ផ្គត់ផ្គង់ត្រូវរាំងស្ទះ និងបង្កផលប៉ះពាល់ដល់គុណភាពផ្លែឈើស្រស់ ។
ផលវិបាកនៃការកកស្ទះ និងការយឺតយ៉ាវនេះ បានជះឥទ្ធិពលភ្លាមៗដល់សេដ្ឋកិច្ចកសិករ ដោយធ្វើឱ្យតម្លៃទុរេននៅលើទីផ្សារធ្លាក់ចុះយ៉ាងគំហុក។ ក្នុងរយៈពេលត្រឹមតែមួយខែ ទុរេនប្រភេទ Ri6 ដែលធ្លាប់មានតម្លៃខ្ពស់ បានធ្លាក់តម្លៃចុះពាក់កណ្តាល មកនៅត្រឹម ២៥,០០០ ដល់ ៣៥,០០០ ដុង (ប្រហែល ១ ដុល្លារ ទៅ ១.៤ ដុល្លារ) ក្នុងមួយគីឡូក្រាម ដែលបង្កឱ្យមានក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់ស្ថិរភាពប្រាក់ចំណូលរបស់កសិករក្នុងរដូវកាលប្រមូលផលនេះ ។
ជាការឆ្លើយតប ក្រសួងកសិកម្មវៀតណាម បានដាក់ចេញនូវវិធានការបន្ទាន់ដោយបង្គាប់ឱ្យពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងបន្ថែមធនធានមនុស្ស។ ទន្ទឹមនឹងនេះ អ្នកជំនាញក្នុងវិស័យកសិកម្ម សង្កត់ធ្ងន់ថា ដំណោះស្រាយយូរអង្វែងគឺការគ្រប់គ្រងគុណភាព និងប្រភពដើមឱ្យបានម៉ឺងម៉ាត់តាំងពីក្នុងចម្ការ ដើម្បីធានាថាទុរេនវៀតណាមអាចឆ្លងកាត់ការត្រួតពិនិត្យនៅព្រំដែនបានយ៉ាងឆាប់រហ័ស និងស្របតាមស្តង់ដារអន្តរជាតិ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VN Express International | រូបភាព៖ Phuoc Tuan on VN Express/ T.VY on Vietnam.vn