ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ ជួបពិភាក្សាជាមួយមេដឹកនាំសហគមន៍ភាគតិច ដោយប្ដេជ្ញាការពារនិងមិនបោះបង់គ្នាឡើយ

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ បានជួបពិភាក្សាជាមួយមេដឹកនាំសហគមន៍ភាគតិចឌ្រូស (Druze) និងសៀកកាសៀន (Circassian) ដោយបង្ហាញពីស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសុវត្ថិភាពសហគមន៍ទាំងនេះ។ លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងអ៊ីស្រាអ៊ែល និងសហគមន៍ទាំងនេះប្រៀបដូចជាបងប្អូនបង្កើត ដែលនឹងមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ ។
 
ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំនេះត្រូវបានកាត់ផ្ដាច់ភ្លាមៗ ដោយសារតែលោក ណេតាន់យ៉ាហ៊ូ ត្រូវប្រញាប់ត្រឡប់ទៅកាន់ទីក្រុងយ៉េរ៉ូសាឡឹមវិញ ដើម្បីជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ សកម្មភាពខាងលើនេះ បង្ហាញថា កិច្ចពិភាក្សាជាមួយមហាអំណាចអាម៉េរិក គឺជាអាទិភាពខ្ពស់បំផុតសម្រាប់មេដឹកនាំអ៊ីស្រាអ៊ែល ក្នុងកម្រិតការងារការទូតអន្តរជាតិ ។
 
ដោយឡែក ដំណើរការស្វែងរកសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ឯណោះវិញ ជួបនឹងភាពរកាំរកូសសារជាថ្មី ក្រោយពេលលោក ដូណាល់ ត្រាំ បដិសេធយ៉ាងដាច់អហង្ការចំពោះសំណើរបស់ភាគីអ៊ីរ៉ង់ ដែលបានផ្ញើតាមរយៈប្រទេសប៉ាគីស្ថាន។ លោក ត្រាំ ចាត់ទុកជំហររបស់អ៊ីរ៉ង់ថាជា «រឿងដែលមិនអាចទទួលយកបានឡើយ» ដែលនេះបានក្លាយជាឧបសគ្គថ្មីមួយទៀត ធ្វើឱ្យការចរចាបញ្ចប់សង្គ្រាមកាន់តែមានភាពស្មុគស្មាញ ។
 
ក្រៅពីភាពតានតឹងផ្នែកការទូត ស្ថានភាពសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏កំពុងមានការប្រែប្រួលគួរឱ្យព្រួយបារម្ភផងដែរ ដោយសារតែមានការរាយការណ៍ពីការវាយប្រហារដោយដ្រូននៅក្នុងប្រទេសកាតា គុយវ៉ែត និងអារ៉ាប់រួម។ ព្រឹត្តិការណ៍ទាំងនេះ ឆ្លុះបញ្ចាំងថា ទោះបីជាមានការខិតខំប្រឹងប្រែងចរចាក៏ដោយ ក៏សន្តិភាពពិតប្រាកដនៅតែពិបាកនឹងសម្រេចបានក្នុងពេលឆាប់ៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.