ព័ត៌មានអន្តរជាតិ

សហគមន៍ជ្វីហ្វរាប់ពាន់នាក់នៅអង់គ្លេស ជួបជុំទ្រង់ទ្រាយធំនៅកណ្ដាលទីក្រុងឡុងដ៍ ដោយតវ៉ាចំពោះការរើសអើងពូជសាសន៍ជ្វីហ្វ

image


អង់គ្លេស៖ សហគមន៍ជ្វីហ្វរាប់ពាន់នាក់នៅអង់គ្លេស កាលពីចុងសប្ដាហ៍កន្លងទៅ បានរៀបចំការជួបជុំទ្រង់ទ្រាយធំនៅកណ្ដាលទីក្រុងឡុងដ៍ ដើម្បីបង្ហាញពីការតវ៉ាចំពោះការកំណើននៃអំពើហិង្សា និងការរើសអើងពូជសាសន៍។ ក្រុមអ្នកតវ៉ាបានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ខណៈដែលពួកគេសង្កេតឃើញថា សកម្មភាពស្អប់ខ្ពើមជនជាតិជ្វីហ្វបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំមុន ។
 
ក្រុមអ្នកចូលរួម រៀបរាប់ថា ចលនាតវ៉ាគាំទ្រប៉ាឡេស្ទីនមួយចំនួន បានបង្កប់នូវសារញុះញង់ឱ្យមានការរើសអើង និងការស្អប់ខ្ពើមមកលើសហគមន៍របស់ពួកគេ។ កត្តានេះ បានធ្វើឱ្យជនជាតិជ្វីហ្វដែលរស់នៅអង់គ្លេសមានអារម្មណ៍មិនសុវត្ថិភាព និងបានអំពាវនាវឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស បង្កើនវត្តមានកងកម្លាំងនគរបាលនៅតាមទីសាធារណៈឱ្យបានកាន់តែច្រើន និងមានចំណាត់ការច្បាប់ឱ្យបានឆាប់រហ័សបំផុត ។
 
ភាពតានតឹងនេះកាន់តែធ្ងន់ធ្ងរឡើង ក្រោយពីមានសេចក្តីរាយការណ៍អំពីការវាយប្រហារផ្ទាល់ទៅលើរូបរាងកាយ និងទ្រព្យសម្បត្តិរបស់សហគមន៍ជ្វីហ្វជាបន្តបន្ទាប់ ជាពិសេសនៅតំបន់ភាគខាងជើងទីក្រុងឡុងដ៍។ ករណីចាក់នឹងកាំបិតលើមនុស្សវ័យចំណាស់ ការដុតបំផ្លាញវិហារសាសនា និងការដុតបំផ្លាញរថយន្តសង្គ្រោះបន្ទាន់របស់អង្គការសប្បុរសធម៌ជ្វីហ្វ គឺជាសក្ខីភាពដែលបង្ហាញពីការគំរាមកំហែងយ៉ាងពិតប្រាកដដល់សន្តិសុខសង្គម ។
 
ក្រុមអ្នកតវ៉ាព្រមានថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្រប់គ្រង ឬដោះស្រាយរលកនៃការស្អប់ខ្ពើមពូជសាសន៍នេះឱ្យមានប្រសិទ្ធភាពទេ នោះអនាគតនៃសហគមន៍ជ្វីហ្វនៅចក្រភពអង់គ្លេសនឹងត្រូវប្រឈមនឹងភាពស្រពិចស្រពិល។ អ្នកខ្លះថែមទាំងបានលើកឡើងពីលទ្ធភាពនៃការចាកចេញពីប្រទេសនេះទៀតផង បើបរិយាកាសនៃការរើសអើងនៅតែបន្តកើតមាន និងមិនមានការការពារត្រឹមត្រូវពីសំណាក់អាជ្ញាធរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.