ព័ត៌មានអន្តរជាតិ

មន្ត្រី ១៥នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារដ៏សាហាវមួយករណី នៅឯភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

image

ប៉ាគីស្ថាន៖ ហេតុការណ៍វាយប្រហារដ៏សាហាវមួយករណី បានកើតឡើងនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ដោយចាប់ផ្តើមឡើងពីការបំផ្ទុះគ្រាប់បែកអត្តឃាតតាមរថយន្ត និងបន្តដោយការបាញ់ប្រហារយ៉ាងសន្ធាប់ទៅលើប៉ុស្តិ៍ត្រួតពិនិត្យ កាលពីចុងសប្ដាហ៍កន្លងទៅ។ ការផ្ទុះនេះ បានបង្កការខូចខាតយ៉ាងខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធ និងយានយន្តដែលនៅក្បែរនោះ ខណៈក្រុមជួយសង្គ្រោះព្យាយាមយ៉ាងសស្រាក់សស្រាំដើម្បីស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគម្ទេចកម្ទីបាក់បែក ។

 

សាក្សីនៅទីកន្លែងកើតហេតុ បានបង្ហាញពីភាពតក់ស្លុតជាខ្លាំង ដោយប្រៀបធៀបទិដ្ឋភាពនៃការផ្ទុះ និងការបាញ់គ្នាជាបន្តបន្ទាប់នោះថាជា «ថ្ងៃអវសាននៃពិភពលោក»។ សម្លេងផ្ទុះ និងអណ្តាតភ្លើងបានគ្របដណ្តប់ពេញតំបន់កើតហេតុ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរនោះមានការភ័យខ្លាច និងមិនហ៊ានចេញពីផ្ទះឡើយ ហើយសូម្បីតែសំណង់ផ្ទះសម្បែងអ្នកភូមិក៏រងការប៉ះពាល់ និងបាក់ស្រុតផងដែរ ។

 

ក្រុមតាលីបង់ប៉ាគីស្ថាន (TTP) ដែលមានសមាជិកប្រដាប់អាវុធប្រហែល ១២០ នាក់ ត្រូវគេកំណត់ថាជាអ្នកនៅពីក្រោយការវាយប្រហារដ៏ធំនេះ។ នៅក្នុងហេតុការណ៍ខាងលើ អាជ្ញាធរបានបញ្ជាក់ពីការបាត់បង់ជីវិតមន្ត្រីនគរបាលចំនួន ១៥នាក់ ដែលកំពុងបំពេញភារកិច្ចនៅប៉ុស្តិ៍ត្រួតពិនិត្យ ខណៈអ្នករងរបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងតំបន់ ។

 

ប៉ុស្តិ៍ត្រួតពិនិត្យដែលស្ថិតនៅជិតទីក្រុង បាននូ (Bannu) ខាងលើនេះ គឺជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់ និងមានភាពរសើបបំផុត ដែលធ្លាប់រងការវាយប្រហារជាង ១០ ដងរួចមកហើយនាពេលកន្លងទៅ។ ការវាយប្រហារចុងក្រោយនេះ បានបង្ហាញពីការកើនឡើងនៃអំពើហិង្សានៅក្នុងតំបន់ និងជាបញ្ហាប្រឈមផ្នែកសន្តិសុខដ៏ធំមួយសម្រាប់រដ្ឋាភិបាលប៉ាគីស្ថាន ក្នុងការទប់ទល់នឹងក្រុមប្រដាប់អាវុធខុសច្បាប់ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.