សាលាដំបូងរាជធានីភ្នំពេញ ឃុំខ្លួនជនបរទេស ២២នាក់ ជាបណ្តោះអាសន្នពាក់ព័ន្ធករណី Online Scam
ភ្នំពេញ៖ លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទ ដែលជាជនបរទេសសរុបចំនួន ២២នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅប្រទេសកម្ពុជា ។
ក្នុងចំណោមជនត្រូវចោទទាំង ២២នាក់ ក្នុងនោះ រួមមានជនជាតិចិនចំនួន ២០នាក់ និងរុស្សី២នាក់ (ស្រី១នាក់)។
ជនត្រូវចោទទាំងអស់ត្រូវបាន ចោទប្រកាន់ពីបទ រៀបចំ ឬដឹកនាំមជ្ឈមណ្ឌលល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព្រឹត្តនៅចំណុចបន្ទប់លេខ ៣២០៥ ជាន់ទី៣២ អគារបាវលី (BAOLI INTER CITY) ភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៦ កថាខណ្ឌទី១ នៃច្បាប់ស្តីពីការប្រឆាំងការល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា។
យោងតាមដីកាចំនួន២២ផ្សេងគ្នារបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានបង្ក្រាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទទាំង ២២នាក់ ទៅកាន់មណ្ឌលឃុំខ្លួនតាមការកំណត់របស់តុលាការ ពោល គឺជនត្រូវចោទចំនួន ២១នាក់ (ប្រុស) បញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងជនត្រូវចោទចំនួន ១នាក់ (ស្រី)ត្រូវបានបញ្ជូនទៅឃុំខ្លួននៅ មណ្ឌលអប់រំកែប្រែទី២ (ម២)៕