ព័ត៌មានជាតិ

សមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបទីតាំង Online scam ២កន្លែងក្នុងខណ្ឌ៧មករា និងឃាត់ខ្លួនជនបរទេស ៥៨នាក់ភាគច្រើនជនជាតិឥណ្ឌូនេស៊ី

image

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំបង្ក្រាបទីតាំងសង្ស័យបង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២កន្លែងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌ៧មករា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងមានការចូលរួមពីអាជ្ញាធរខណ្ឌ៧មករា ។ 

ករណីទី១៖ បង្ក្រាបនៅសណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ អាជ្ញាធរបានឃាត់ខ្លួនមនុស្សសរុបចំនួន ៥៥នាក់ (ស្រី ៩នាក់) ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី ក្នុងនោះមានម្នាក់គ្មានលិខិតឆ្លងដែន និង ២៧នាក់ផ្សេងទៀតបានហួសទិដ្ឋាការ (Visa)។ ដកហូតបានទូរសព្ទដៃចំនួន ២៨០ គ្រឿង, កុំព្យូទ័រយួរដៃ ចំនួន ៨ គ្រឿង,លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន ៣០ ច្បាប់ និងរថយន្តម៉ាក Alphard ពណ៌ខ្មៅ ១គ្រឿង (ផ្លាកលេខ ភ្នំពេញ 2CC-3190)។

ផ្អែកតាមការកោសលវិច័យបឋមលើឧបករណ៍បច្ចេកវិទ្យា សមត្ថកិច្ចបានរកឃើញរូបភាពនារីស្រស់ស្អាតជាច្រើន និងឯកសារសម្រាប់ប្រើប្រាស់ក្នុងការនិយាយលួងលោមអូសទាញបែបស្នេហា។ 

សមត្ថកិច្ចបានសន្និដ្ឋានថា ទីតាំងនេះបានលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងរូបភាព "Romance Scams" (ឆបោកតាមស្នេហា) មានគោលដៅលើជនរងគ្រោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ករណីទី២ ៖ សមត្ថកិច្ចជំនាញ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌ៧មករា និងមានការសម្របសម្រួលពីលោកសេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្ក្រាបនៅមជ្ឈមណ្ឌលអូឡាំព្យាអាគារ S3 ក្នុង បន្ទប់ BB cake ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដោយរកឃើញបុរសជនជាតិចិនចំនួន ៣នាក់ ក្នុងនោះគ្មានលិខិតឆ្លងដែន ចំនួន ១នាក់ និងដកហូតសម្ភាររួមមានៈ កុំព្យូទ័រ All inone ២គ្រឿង ,⁠monitors ១គ្រឿង និងទូរសព្ទ៤គ្រឿង។

ករណីទី២នេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា ជាករណីឆបោក online Scames ក្រោមរូបភាពអូសទាញវិនិយោគ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងចាត់ការតាមច្បាប់ជាធរមាន៕