សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ ចុះធ្វើរដ្ឋបាលចំហរ តាមផ្ទះវីឡា និងផ្ទះសំណាក់ ដើម្បីបង្ក្រាបបទល្មើស Online Scams និងជនបរទេសស្នាក់នៅខុសច្បាប់
ត្បូងឃ្មុំ៖ ក្រោមបទបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត, កម្លាំងសមត្ថកិច្ចចម្រុះ បានបើកយុទ្ធនាការចុះត្រួតពិនិត្យរដ្ឋបាលចំហរ "ដូចភ្លៀងរលឹម" នៅតាមបណ្តាគោលដៅសង្ស័យមួយចំនួនក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីស្វែងរកជនបរទេសស្នាក់នៅខុសច្បាប់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
កម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានដៅមុខសញ្ញា ចុះត្រួតពិនិត្យតាមផ្ទះវីឡា ផ្ទះសំណាក់ និងបន្ទប់ជួល ដែលសង្ស័យថា អាចមានការលួចលាក់ស្នាក់នៅមិនរាយការណ៍ ឬប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ ផ្ទះសំណាក់ចំនួន ៣ទីតាំង ស្មើនឹង ៥៧បន្ទប់ ។
ជាលទ្ធផលបឋម សមត្ថកិច្ចពុំបានរកឃើញមានវត្តមានជនបរទេសស្នាក់នៅដោយខុសច្បាប់ ឬសម្ភារពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងទីតាំងទាំងនោះឡើយ។
បើទោះជាយ៉ាងនេះក្តី រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់យ៉ាងច្បាស់ថា យុទ្ធនាការនេះ នឹងមិនបញ្ឈប់ត្រឹមនេះទេ ដោយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត នឹងបន្តធ្វើការស្រាវជ្រាវ និងត្រួតពិនិត្យតាមបណ្តាទីតាំងសង្ស័យផ្សេងៗទៀត ឱ្យបានទូទាំងក្រុង-ស្រុកទាំង ៧ ក្នុងភូមិសាស្ត្រខេត្តទាំងមូល ។
ការចុះអនុវត្តផ្ទាល់ អាជ្ញាធរ ក៏បានបន្តធ្វើការផ្សព្វផ្សាយនូវអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដើម្បីបង្កើនការយល់ដឹង និងចូលរួមសហការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសបច្ចេកវិទ្យា ដែលកំពុងជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
សូមជម្រាបថា កម្លាំងចម្រុះ បានចុះត្រួតពិនិត្យរដ្ឋបាលចំហរ ដូចភ្លៀងរលឹម នេះ គឺជាសកម្មភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានកាន់តែល្អប្រសើរ ៕
អត្ថបទ៖ សុខ ផន