ស្ថានទូតរុស្សីប្រចាំកម្ពុជា រៀបចំការដង្ហែក្បួនខួបលើកទី៨១ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ដើម្បីរួបរួមគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម
ភ្នំពេញ៖ ស្ថានទូតសហព័ន្ធរុស្សីប្រចាំនៅកម្ពុជា បានរៀបចំការដង្ហែក្បួនកងវរសេនាធំអមតៈអន្តរជាតិ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅស្ថានទូត ស្ថិតក្នុងរាជធានីភ្នំពេញ មហាវិថីសម្តេចសុធារស ផ្លូវលេខ២១៣ ដើម្បីរួបរួមគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម។
លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការដើរដង្ហែមានគោលបំណងបន្តចងចាំអំពីវីរភាពរបស់បុព្វបុរសរបស់យើង ដែលបានឈរការពារមាតុភូមិរបស់ពួកគេប្រឆាំងនឹងការឈ្លានពានរបស់អាល្លឺម៉ង់ណាស៊ី និងបានអំពាវនាវដល់ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមទប់ស្កាត់កុំឲ្យមានសង្គ្រាមលោកលើកទី៣។
លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ឆ្នាំនេះគឺជាខួបលើកទី៨១ នៃការបញ្ចប់សង្គ្រាមលោកលើកទី២ ដែលជាជម្លោះបានឆក់យកជីវិតមនុស្សជាង ៧៥លាននាក់នៅទូទាំងពិភពលោក និងបានសម្លាប់ទាំងទាហាននិងពលរដ្ឋរុស្ស៊ីជិត ២៧លាននាក់ផងដែរ។ ឯកអគ្គរដ្ឋទូត បានរំឮកពីរបៀបដែលប្រជាជននៃប្រទេសជាច្រើន ធ្លាប់បានលះបង់នូវការយល់ច្រឡំផ្សេងៗ ដើម្បីរួបរួមគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម សំដៅធានានូវអនាគតដ៏ល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងការព្រួយបារម្ភចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងសម័យបច្ចុប្បន្ន ដើម្បីបកស្រាយប្រវត្តិសាស្ត្រនៃសង្គ្រាមឡើងវិញ និងកាត់បន្ថយតួនាទីរបស់សហភាពសូវៀត ក្នុងការយកឈ្នះលើរបបណាស៊ី។ ឯកអគ្គរដ្ឋទូត បានបន្តថា ជាការសោកស្តាយជាទីបំផុត មិនមែនគ្រប់គ្នាសុទ្ធតែបានរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រនោះទេ។ ការគំរាមកំហែងនៃការរស់ឡើងវិញនៃមនោគមវិជ្ជាស្អប់ខ្ពើម ដែលធ្លាប់បាននាំមកនូវទុក្ខវេទនា ដែលមិនអាចទ្រាំទ្របានដល់មនុស្សជាតិ គឺមានកម្រិតខ្ពស់ជាងពេលណាៗទាំងអស់៕
អត្ថបទ៖ ចេង ឆហួត រូបភាព៖ អេង សុគុណ