ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ៖ ការនាំគ្នាធ្វើបាតុកម្មឬកូដកម្មរបស់កម្មករ កម្មការិនី គឺជាការបោកឆ្នាំងបាយខ្លួនឯង

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំឭកដល់កម្មករ កម្មការិនី ទាំងអស់កុំនាំគ្នាធ្វើបាតុកម្មឬកូដកម្មដើម្បីដោះស្រាយបញ្ហា ព្រោះការនាំគ្នាធ្វើដូច្នេះគឺមិនខុសពីការបោកឆ្នាំងបាយខ្លួនឯងនិងគ្រួសារនោះទេ។ ការក្រើនរំឭកបែបនេះធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១២០០នាក់នៃរោងចក្រ សួស យ៉ាត (ខេមបូឌា)ឯ.ក ស្ថិតក្នុងក្រុងច្បារមន ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦។ 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការយកដំណោះស្រាយតាមរយៈការធ្វើបាតុកម្មឬកូដកម្ម វាមិនមែនជាដំណោះស្រាយដែលទទួលមកវិញល្អទាំងអស់នោះទេ គឺមានតែបង្កភាពអសន្តិសុខ រញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់និងធ្វើឱ្យអ្នកវិនិយោគទុនអាក់អន់ស្រពន់ចិត្តលែងរកស៊ី លែងបង្កើតការងារឱ្យពួកយើងតែប៉ុណ្ណោះ ផ្ទុយទៅវិញ ការជ្រើសរើសដំណោះស្រាយដោយសន្តិវិធីគឺជាការល្អបំផុត តាមរយៈការស្នើសុំតាមដំណាក់កាលមកស្ថាប័នពាក់ព័ន្ធឬអាជ្ញាធរខេត្ត ដើម្បីដោះស្រាយរាល់ការស្នើសុំនិងសំណូមពរនានា។

មួយវិញទៀតការធ្វើដូច្នេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋជាកម្មករ កម្មការិនីប្រទេសយើងមានរបៀបរបបនិងយល់ដឹង សមជាប្រជាពលរដ្ឋរស់នៅក្នុងប្រទេសដែលមាននីតិរដ្ឋពេញលេញ។

ជាមួយនោះ អភិបាលខេត្តកំពង់ស្ពឺ ក៏បានសុំចិត្តដល់បងប្អូនកម្មករ កម្មការិនីផងដែរថា មុនសម្រេចចិត្តធ្វើបាតុកម្ម ឬកូដកម្មដើម្បីដោះស្រាយបញ្ហា ទោះជាបាតុកម្មឬកូដកម្មផ្តើមឡើងដោយការសម្រេចចិត្តខ្លួនឯង ឬតាមការញ៉ុះញ៉ង់របស់ក្រុមណាមួយ សូមគិតនិងអាណិតដល់ថ្នាក់នាំ ពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើង ដែលសម្តេចបានខិតខំលះបង់គ្រប់បែបយ៉ាងក្រោមយុទ្ធសាស្ត្រ(ទាក់ម៉ូយ) ដើម្បីគៀងគរធុរជនបរទេសឱ្យមកវិនិយោគនៅក្នុងប្រទេសយើង ពិសេសគឺក្នុងខេត្តកំពង់ស្ពឺ ដែលគិតមកទល់ពេលនេះមានរោងចក្រ សហគ្រាសប្រមាណជាង១៦០០កន្លែងនិងបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺនិងបណ្តាខេត្តផ្សេងទៀតប្រមាណជិត៣៣ម៉ឺននាក់។

លោកបណ្ឌិតអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ខេត្តកំពង់ស្ពឺនៅតែបន្តទទួលបានការដាក់ទុនវិនិយោគបន្ថែមទៀតជារៀងរាល់ថ្ងៃពីសំណាក់ធុរជនបរទេស ហើយតាមរយៈនេះ និងបង្កើតឱកាសការងារកាន់តែច្រើនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្តនិងបណ្តាខេត្តផ្សេងៗ។ ជុំវិញកំណើនរោងចក្រ សហគ្រាសដែលកើនឡើងយ៉ាងគំហុកនេះ អាជ្ញាធរខេត្តក៏ដូចមន្ទីរការងារ បណ្តុះបណ្តាលនិងវិជ្ជាជីវៈខេត្តបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេសពលករដែលបានវិលត្រឡប់មកពីប្រទេសជិតខាងកំពុងស្វែងរកការងារធ្វើអាចមកធ្វើការនៅតាមបណ្តារោងចក្រ សហគ្រាសនៅក្នុងខេត្តនេះបាន ខណៈបច្ចុប្បន្ននេះខេត្តមានតម្រូវការកម្លាំងពលកម្មប្រមាណជាង៦ម៉ឺននាក់បន្ថែមទៀត៕

អត្ថបទ៖ប៊ុត សារុន