ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅសាធារណរដ្ឋហ្វីលីពីន

image

កណ្តាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មកដល់មាតុភូមិវិញហើយ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។


ការអញ្ជើញទៅចូលរួមរបស់សម្តេច តបតាមការអញ្ជើញរបស់លោក ហ៊ីឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ានឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ ធ្វើឡើងក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ដោយបានផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។


ក្នុងអំឡុងកិច្ចប្រជុំកំពូល សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកប ដោយស្ថាបនា។ ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ានគឺកើតចេញពីតួនាទី ជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគី ដោយយុត្តិធម៌ និងភាពជឿជាក់ នៅក្នុង បរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាព ឯកភាព និងភាពធន់របស់អាស៊ាន ក្នុងការដោះស្រាយផលប៉ះពាល់ដែលកើតចេញពីស្ថានការណ៍វិវត្តនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមសកលផ្សេងៗទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិ ខាងក្រៅ ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏មានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ថ្នាក់ដឹកនាំអាស៊ានបានអនុម័ត (១) ពិធីសារសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្តីថ្លែងការណ៍អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការលម្អសមុទ្រ (៣) សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការផ្តល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត្រអាស៊ានសម្រាប់ការផ្លាស់ ប្តូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ អេង សុគុណ, លឹម មុនី