ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ដឹកនាំតំណាងមន្ទីរពេទ្យថ្នាក់ជាតិទាំង១១ ទស្សនកិច្ចនៅមន្ទីរពេទ្យកាល់ម៉ែត សំដៅធ្វើយ៉ាងណា ឱ្យមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់របស់កម្ពុជា កាន់តែមានគុណភាព និងប្រសិទ្ធិភាព ក្នុងការបម្រើសេវា

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំតំណាងរបស់មន្ទីរពេទ្យថ្នាក់ជាតិទាំង១១ ធ្វើទស្សនៈកិច្ច នៅមន្ទីរពេទ្យកាល់ម៉ែត ដែលជាមន្ទីរពេទ្យថ្នាក់ជាតិឈានមុខមួយ ទទួលបានការទទួលស្គាល់ពីប្រជាពលរដ្ឋដែលជាអ្នកជំងឺក្នុងការព្យាបាលប្រកបដោយប្រសិទ្ធភាពនៅទូទាំងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា ទស្សនកិច្ចនាពេលនេះ ដើម្បីសិក្សាស្វែងយល់ ចែករំលែកបទពិសោធ និងការពិភាក្សាគ្នា សំដៅធ្វើយ៉ាងណា ឱ្យមន្ទីរពេទ្យថ្នាក់ជាតិទាំងអស់របស់កម្ពុជា បម្រើសេវាកាន់តែល្អប្រសើរ និងមានប្រសិទ្ធិភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈការចុះពិនិត្យ និងសិក្សានាពេលនេះ លោកបានសង្កេតឃើញថា គ្រូពេទ្យទាំងអស់ បានកត់ត្រា និងខិតខំត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ខ្ពស់ ក្នុងន័យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំ តម្រង់ទិសជាច្រើនចំណុច ដើម្បីជំរុញការបង្ខិតសេវាសុខាភិបាល ជាមួយនិងការសង្គ្រោះអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលាដូចជា៖ 

ណែនាំដល់នាយកមន្ទីរពេទ្យទាំងអស់នៅទូទាំងប្រទេស ត្រូវមានការទទួលខុសត្រូវ ក្នុងការផ្តល់សេវាការថែទាំងឡាយ ដើម្បីធ្វើយ៉ាងណាពង្រឹងគុណភាពចំពោះមុខ ទទួលពិនិត្យ ព្យាបាលអ្នកជំងឺឱ្យបាននៅគ្រប់មន្ទីរពេទ្យ ដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ដើម្បីដោះស្រាយការកកស្ទះរបស់អ្នកជំងឺដែលមកសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យនីមួយៗ មុននិងឈានដល់ការបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យមួយទៀត ត្រូវធ្វើកិច្ចសហប្រតិបត្តិការគ្នាឱ្យបានល្អ។ 

លោកបន្តណែនាំថា សូមធានាថាការទទួលមើលសង្គ្រោះព្យាបាលគ្រប់អង្គភាព ត្រូវធ្វើឱ្យបានឆាប់រហ័ស។ ត្រូវធានានូវការដែលមានឱសថ បរិក្ខា និងសម្ភារសមស្រប ក្នុងការព្យាបាល។ ត្រូវសូមយកចិត្តទុកដាក់ពីកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ ដោយត្រូវកែតម្រូវការប្រើពាក្យសំដីប្រកបក្រមសីលធម៌ ចំពោះអ្នកជំងឺ ក៏ដូចជាក្រុមគ្រួសារ ដើម្បីបង្ហាញអំពីវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងអ្នកបម្រើក្នុងវិស័យសុខាភិបាល។ 

ក្នុងនាមក្រសួងសុខាភិបាល លោករដ្ឋមន្ត្រី ស្នើដល់មន្ទីរពេទ្យទាំងអស់ នៅទូទាំងប្រទេស ចូលរួមយ៉ាងសកម្ម ក្នុងការទទួលអ្នកជំងឺ ដើម្បីកាត់បន្ថយការកកស្ទះច្រើននៅតាមមន្ទីរពេទ្យនានា ក្នុងការដែលអ្នកជំងឺមកទទួលសេវា ដើម្បីឱ្យមន្ទីរពេទ្យជាតិរបស់ទទួលបាននូវការផ្តល់ជូននូវសេវាប្រកបដោយគុណភាព និងមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណដល់មន្ទីរពេទ្យកាល់ម៉ែត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចនេះ ដែលបង្ហាញពីភាពធន់របស់មន្ទីរពេទ្យ ក្នុងការដឹកនាំបានយ៉ាងល្អ៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី