អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណានគិតម៉េង ឧបត្ថម្ភថវិកា ១០.០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី
រតនគិរី៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាមេរិក) ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក្នុងឱកាសខួបលើកទី១៦៣ ទិវា ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
ថវិកាដ៏សប្បុរសនេះ ត្រូវបានលោក ម៉ៅ លីណា និងលោក ផុន សុភាព តំណាងអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នាំយកទៅប្រគល់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលមានសទ្ធាជ្រះថ្លា ប្រកបដោយកាយវិកាមនុស្សធម៌ បានឧបត្ថម្ភថវិកាចំនួន ១០.០០០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។
លោក ញ៉ែម សំអឿន បានអះអាងថា សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងសូមគោរពជូនពរ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ព្រមទាំងក្រុមគ្រួសារ ទទួលនូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
តាមរយ:នេះផងដែរ ដើម្បីមានមូលនិធិ សម្រាប់បន្តបេសក
កម្មមនុស្សធម៌ជាជំនួយការជូនរាជរដ្ឋាភិបាល សាខាកាក
បាទក្រហមកម្ពុជាខេត្តរតនគិរី, លោក ញ៉ែម សំអឿន
បានអំពាវនាវចំពោះសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមមេត្តាបន្តចូលរួមបរិច្ចាគថវិកា សម្ភារ ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយគ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត។
សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនសាខាកាកបាទ
ក្រហមកម្ពុជា ខេត្តរតនគិរី តាមរយៈក្រុមការងារនៅទីស្នាក់
ការសាខាខេត្ត ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់សាខាកាកបាទ
ក្រហមកម្ពុជា ខេត្តរតនគិរី៕
អត្ថបទ ៖ ប៉េស សារី