រថយន្តសង្គ្រោះបន្ទាន់នៅលីបង់ រងនូវការវាយប្រហារតាមអាកាស បណ្តាលឱ្យអ្នកនៅក្នុងរថយន្តរងរបួស និងភ័យស្លន់ស្លោជាខ្លាំង
លីបង់៖ វីដេអូដ៏រន្ធត់មួយបានបង្ហាញពីសកម្មភាពដែលគេជឿថា ជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើរថយន្តសង្គ្រោះបន្ទាន់របស់អាជ្ញាធរសុខាភិបាលឥស្លាម នៅក្នុងប្រទេសលីបង់។ ការផ្ទុះដ៏ខ្លាំងក្លានេះ បានកើតឡើងភ្លាមៗខណៈរថយន្តកំពុងធ្វើដំណើរ នៅក្នុងទីក្រុងនូល (Noul) ក្នុងតំបន់ ណាបាធីយ៉េ (Nabatieh) កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាលឱ្យអ្នកនៅក្នុងរថយន្តរងរបួស និងភ័យស្លន់ស្លោជាខ្លាំងក្នុងផ្សែងដែលហុយទ្រលោម ។
ក្នុងហេតុការណ៍នេះ សមាជិកផ្នែកការពារស៊ីវិលចំនួន ២ នាក់បានទទួលរងរបួស ខណៈភាគីយោធាអ៊ីស្រាអ៊ែលនៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ប៉ុន្តែអ៊ីស្រាអ៊ែលនៅតែបន្តប្រកាន់ជំហរថាខ្លួនមិនដែលកំណត់គោលដៅវាយប្រហារលើជនស៊ីវិលឡើយ។ ព្រឹត្តិការណ៍នេះ បានបង្កឱ្យមានការរិះគន់ និងក្តីបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពបុគ្គលិកសុខាភិបាលដែលកំពុងបំពេញការងារជួយសង្គ្រោះ។
ការវាយប្រហារនេះបានកើតឡើង បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអ៊ែល ដែលបានព្រមព្រៀងគ្នាតាំងពីពាក់កណ្តាលខែមេសាក៏ដោយ។ ខណៈដែលកិច្ចព្រមព្រៀងនេះ ត្រូវបានពន្យារពេល និងមានការចរចាជាបន្តបន្ទាប់ក្រោមការសម្របសម្រួលពីអាម៉េរិក ការផ្ទុះអាវុធសារជាថ្មីនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនៃបទឈប់បាញ់ និងការចរចានាពេលខាងមុខ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.