រដ្ឋមន្ត្រីការបរទេសចិន ជួបពិភាក្សាជាមួយប្រតិភូព្រឹទ្ធសភាអាម៉េរិក ដើម្បីស្វែងរកស្ថិរភាពឈ្នះ-ឈ្នះ នៅមុនជំនួបមេដឹកនាំកំពូល
ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយប្រតិភូព្រឹទ្ធសភាអាម៉េរិក លោក ស្ទីវ ដេនស៍ (Steve Daines) នៅឯទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគី នៅមុនជំនួបកំពូលរវាងមេដឹកនាំកំពូលនៃប្រទេសទាំងពីរ នៅសប្តាហ៍ក្រោយ។ ចិនបានសង្កត់ធ្ងន់លើគោលការណ៍បីសំខាន់គឺ ការគោរពគ្នា ការរស់នៅជាមួយគ្នាដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីធានាបាននូវស្ថិរភាពពិភពលោក និងសុខុមាលភាពប្រជាជន ។
ទន្ទឹមនឹងនោះ សមាជិកព្រឹទ្ធសភា លោក ដេនស៍ (Daines) បានបង្ហាញការទទួលស្គាល់ចំពោះភាពខ្លាំងនៃសេដ្ឋកិច្ចចិន និងបានគាំទ្រដល់ការស្វែងរកស្ថិរភាពក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ។ ការយល់ស្របគ្នានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ការរៀបចំផ្លូវឆ្ពោះទៅរកជំនួបផ្លូវការរបស់លោក ដូណាល់ ត្រាំ នៅទីក្រុងប៉េកាំង ។
ទោះបីជាមានភាពយោគយល់គ្នាក្នុងកម្រិតទូតក៏ដោយ ប៉ុន្តែបញ្ហាប្រឈមធំៗមួយចំនួននៅតែបន្តដាក់សម្ពាធលើទំនាក់ទំនងនេះ ជាពិសេសវិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។ ចិនបានបង្ហាញជំហររឹងមាំដោយបដិសេធមិនអនុវត្តតាមការរឹតបន្តឹងពាណិជ្ជកម្មរបស់អាម៉េរិកឡើយ ដែលនេះអាចជាចំណុចតឹងតែងមួយនៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ ។
ក្រៅពីបញ្ហាអន្តរជាតិ បញ្ហានៅតៃវ៉ាន់ នៅតែជារឿងដ៏រសើបបំផុតដែលចិនចាត់ទុកថាជាផ្នែកមិនអាចខ្វះបាននៃទឹកដីខ្លួន និងជាចំណុចសំខាន់មួយនៃកិច្ចចរចា។ ជំនួបកំពូលរវាងប្រធានាធិបតី ចិន-អាម៉េរិក នៅសប្តាហ៍ក្រោយ នឹងក្លាយជាការសាកល្បងដ៏សំខាន់ថាតើកិច្ចព្រមព្រៀងបឋមកាលពីឆ្នាំ ២០២៥ អាចឈានទៅរកស្ថិរភាពយូរអង្វែង ឬក៏ភាពតានតឹងថ្មី នឹងកើតឡើងបន្តទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.