ក្រសួងសាធារណការ ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុន សិក្សា និងរចនាគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសន្យា រវាងអង្គភាពគ្រប់គ្រងគម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា (KTB) និងសម្ព័ន្ធក្រុមហ៊ុន CHODAI Co., LTD មកពីប្រទេសជប៉ុន ដើម្បីផ្តល់សេវាប្រឹក្សាយោបល់សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាព (FS) ការរចនាប្លង់បច្ចេកទេសលម្អិត (DEDs) និងការត្រួតពិនិត្យការសាងសង់ (CS) ស្ពានកោះខ្សាច់ទន្លា។
ពិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន ថ្នាក់ដឹកនាំក្រសួង ក្រសួងពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប។
គម្រោងសាងសង់ស្ពានកោះខ្សាច់ទន្លា មានប្រវែងប្រមាណ ២៨០ម៉ែត្រ និងសាងសង់ផ្លូវតភ្ជាប់ពី ក្បាលស្ពាន ប្រវែងប្រមាណ ២៧៦ម៉ែត្រ។ គម្រោងនេះមានសារៈសំខាន់ក្នុងការឆ្លងកាត់ទន្លេបាសាក់ ដើម្បីតភ្ជាប់កោះខ្សាច់ទន្លា ទៅកាន់ផ្លូវជាតិលេខ២១ សំដៅលើកកម្ពស់បណ្តាញដឹកជញ្ជូន និងភស្តុភារកម្មកសិកម្ម ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
គម្រោងនេះនឹងតភ្ជាប់ បង្កើនជម្រើសនៃការប្រើប្រាស់ ប្រភេទមធ្យោបាយដឹកជញ្ជូនបានគ្រប់រដូវកាល ទាំងរដូវប្រាំងនិងរដូវវស្សា ដែលជួយកាត់បន្ថយ ថ្លៃដឹកជញ្ជូន (ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ) ធ្វើឱ្យប្រសើរឡើងនូវ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដោយរួមចំណែកដល់ការអភិវឌ្ឍកោះខ្សាច់ទន្លានេះ ឱ្យក្លាយជា មជ្ឈមណ្ឌលកសិកម្ម និងផលិតផលិតផលកសិកម្ម, និងផ្តល់នូវមធ្យោបាយដឹកជញ្ជូនដ៏មាន សុវត្ថិភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទៅនិងមក ពីកោះខ្សាច់ទន្លាទៅកាន់ទីក្រុង ភ្នំពេញ៕