លោក ឃួង ស្រេង ណែនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ជាពិសេសជីវភាពប្រចាំថ្ងៃជូនពួកគាត់
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយត្រូវការពារសន្តិសុខ ជាមួយការគិតគូរពីសុខទុក្ខ មើលថែជីវភាពប្រចាំថ្ងៃជូនពួកគាត់ ពោលគឺបើមានការខ្វះខាតអ្វី ត្រូវផ្តល់ជូនពួកគាត់ភ្លាម បូកទាំងការសិក្សារបស់កូនគាត់ផងដែរ។
ការណែនាំនេះបានធ្វើឡើង ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា “ក្រៅពីយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជននៅក្នុងមូលដ្ឋានហើយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ត្រូវយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខ ដោយយើងមានស្ថិតិអស់ហើយ។ កន្លងមកនេះ យើងអនុវត្តការងារបានល្អហើយ សូមបន្តការងារនេះឱ្យកាន់តែល្អថែមទៀត។”
លើសពីនេះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើន ត្រូវគោរពនិងប្រតិបត្តិឱ្យខ្ជាប់ខ្ជួននូវ លក្ខន្តិកៈរបស់សមាគម, យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក, ផ្តល់ការគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ និងផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិកដែលបានទទួលមរណភាពឲ្យទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ដើម្បីបុព្វហេតុរំដោះជាតិ មាតុភូមិ ដោយបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍរីកចម្រើនលើគ្រប់វោស័យរហូតដល់សព្វថ្ងៃ។ ដូច្នេះហើយទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីជួយមើលថែចិញ្ចឹមពួកគាត់ឱ្យបានល្អ និងមានភាពកក់ក្ដៅ ដូចជាគ្រួសារខ្មែរយើង នៅពេលឪពុកម្ដាយចាស់ជរាទៅកូនចៅមើលថែទាំឪពុកម្ដាយអញ្ចឹងដែរ។
ក្នុងឱកាសនោះ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានអានសេចក្តីសម្រេចស្តីពី “ ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដោយបានតែងតាំងអភិបាលខណ្ឌទាំង១៤ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខណ្ឌ ដោយមានអនុប្រធានប្រចាំការ ១រូប អនុប្រធាន៣រូប និងសមាជិក សមាជិកា២រូប នៅគ្រប់ខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕