សង្គម

សម្តេចតេជោ បង្ហាញរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើម្ហូបកាលពីឆ្នាំ២០០១ និងបានប្រសិទ្ធនាមថា “ចុងភៅម្ហូបឆ្ងាញ់”

image


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហាញរូបថតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើម្ហូបកាលពីឆ្នាំ២០០១ និងបានប្រសិទ្ធនាមថា “ចុងភៅម្ហូបឆ្ងាញ់”។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានសរសេរថា ៣សប្ដាហ៍មុនខ្ញុំនិពន្ធចម្រៀងមួយបទដែលមានចំណងជើងបាយម្ហូបស្រីដាំដែលរំលឹកដល់៥១ឆ្នាំមុន គ្រូពេទ្យក្រមុំ
ដាំស្លផ្ទាល់ដៃឱ្យកម្លោះយោធាក្នុងខែសីហា១៩៧៥ ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយតែគាត់នៅតែទទួលខ្ញុំឱ្យសម្រាកនៅមន្ទីរពេទ្យដែលគាត់ទទួលខុសត្រូវនៅឃុំឈូកស្រុកក្រូចឆ្មារនិងដាំស្លផ្ទាល់ដៃឱ្យខ្ញុំទទួលទានទៀតផង។
សូមបញ្ជាក់ថា ខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជំងឺទេតែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។

ម្សិលមិញ ខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹកដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ពេលទស្សនាវដ្ដីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។ ក្មេងស្រីដែលគាត់កន្តៀតគឺជាចៅស្រីទី១ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។ ដោយសារគាត់ដាំស្លឱ្យខ្ញុំទទួលទានតាំងពីនៅកម្លោះក្រមុំនិងបន្តរៀបចំបាយម្ហូបឱ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃនិងក្រោយទទួលបានរូបនេះ ខ្ញុំសូមប្រសិទ្ធនាមគាត់ថា (ចុងភៅម្ហូបឆ្ងាញ់)។

សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។ សូមអរគុណចុងភៅម្ហូបឆ្ងាញ់៕

អត្ថបទ៖ សន ពិសិដ្ឋ