ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យ និងកែសម្រួលទៅលើស្លាកសញ្ញាចរាចរណ៍ និងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

image

ក្រចេះ៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវត្រួតពិនិត្យ និងកែសម្រួលទៅលើស្លាកសញ្ញាចរាចរណ៍ដែលដាក់នៅតាមដងផ្លូវនានា និងផ្លាកសញ្ញាបង្ហាញឈ្មោះផ្លូវក្នុងក្រុងក្រចេះ ព្រមទាំងពិនិត្យតាមដានលើរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ពិសេសរថយន្តបើកគេចស្ថានីយជញ្ជីងថ្លឹងរថយន្តអចល័ត ដើម្បីមានវិធានការទប់ស្កាត់បញ្ចៀសការគ្រោះថ្នាក់ និងខូចផ្លូវជាដើម។

ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅអនុវត្តការងារបន្ត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។

លោកអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពង្រឹងការទទួលខុសត្រូវលើបទល្មើស ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវស្វែងយល់បន្ថែមលើនីតិវិធីដោះស្រាយ ដើម្បីជាមូលដ្ឋានគ្រឹះ។ មន្ទីរពាក់ព័ន្ធ ត្រូវបន្តសហការគ្នា ចុះត្រួតពិនិត្យតាមដានតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ដើម្បីស្វែងរកស្ថានីយ និងដេប៉ូដែលមិនមានអនុលោមភាពផ្នែកបរិមាណ តំលៃ និងគុណភាព។

សម្រាប់ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរក្រុង/ស្រុក ត្រូវបន្តចុះពិនិត្យរៀបចំកែសម្រួលនូវរាល់ការរំលោភយកដីចំណីផ្លូវសាធារណៈ ធ្វើអាជីវកម្ម ដើម្បីបញ្ជៀសគ្រោះថ្នាក់ ការកកស្ទះ និងផ្តល់ភាពងាយស្រួលដល់ការជួយសង្គ្រោះនានា។ 

ទន្ទឹមនឹងនោះ រដ្ឋបាលស្រុកនីមួយៗ ត្រូវណែនាំដល់មេឃុំចៅសង្កាត់ ត្រូវបន្តពង្រឹងការដឹកនាំរដ្ឋឃុំសង្កាត់ខ្លួន លើការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀន ក្មេងទំនើង ចរាចរណ៍ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម៕

 អត្ថបទ៖ សារី ណែត