ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បន្តវាយប្រហារលើភាគខាងត្បូងប្រទេសលីបង់ ទោះបទឈប់បាញ់កំពុងមានសុពលភាពក៏ដោយ

image

លីបង់៖ យន្តហោះចម្បាំងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរទៅលើអគារស្នាក់នៅរបស់ប្រជាជនក្នុងទីប្រជុំជនអាន់សារីយ៉េហ៍ (Ansariyeh) និងតំបន់ជុំវិញនោះ។ រូបភាពពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីទិដ្ឋភាពបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបង្កឱ្យផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់រងការខូចខាតយ៉ាងដំណំ ខណៈក្រុមសង្គ្រោះកំពុងមមាញឹកក្នុងការកាយកម្ទេចថ្ម ។

ក្រោយការវាយប្រហារ កងទ័ពអ៊ីស្រាអ៊ែល បានចេញបញ្ជាឱ្យប្រជាជននៅក្នុងភូមិសាស្ត្រជាង ១០ តំបន់ ចាកចេញពីលំនៅឋានជាបន្ទាន់ទៅកាន់តំបន់សុវត្ថិភាព។ ការព្រមាននេះ បានធ្វើឡើងក្រោមហេតុផលថា អ៊ីស្រាអ៊ែលនឹងបន្តវាយកម្ទេចទីតាំងដែលសង្ស័យថាជារបស់ក្រុម ហេសបូឡាហ៍ (Hezbollah) ហើយជនស៊ីវិលដែលស្ថិតនៅក្បែរតំបន់ទាំងនោះនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតដោយជៀសមិនរួច ។

ការវាយប្រហារនេះ បានកើតឡើងនៅចំពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងមានសុពលភាព។ ទោះជាយ៉ាងណាក៏ដោយ បទឈប់បាញ់នេះត្រូវបានរង្គោះរង្គើ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានបញ្ជាឱ្យកងទ័ពវាយបកវិញយ៉ាងចាស់ដៃ ដោយចោទប្រកាន់ថាមានការរំលោភបំពានពីភាគីម្ខាងទៀត ដែលធ្វើឱ្យកិច្ចប្រឹងប្រែងសន្តិភាពរបស់អាម៉េរិកប្រឈមនឹងភាពបរាជ័យ ។

គោលដៅយុទ្ធសាស្ត្រយូរអង្វែងរបស់អ៊ីស្រាអ៊ែល ហាក់បីដូចជាការចង់គ្រប់គ្រងទឹកដីមួយផ្នែកធំនៅភាគខាងត្បូងលីបង់ ដើម្បីបង្កើតជា "តំបន់ទ្រនាប់សន្តិសុខ"។ បំណងក្នុងការបង្កើតតំបន់ទ្រនាប់ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១០% នៃប្រទេសលីបង់នេះ កំពុងក្លាយជាចំណុចក្តៅដែលធ្វើឱ្យជម្លោះកាន់តែរីករាលដាល និងពិបាកក្នុងការដោះស្រាយតាមផ្លូវទូត ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.