ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន៖ មនោគមវិជ្ជាយោធានិយមបែបថ្មីរបស់ជប៉ុន កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពតំបន់

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) កាលពីថ្ងៃពុធ បានសម្តែងក្ដីព្រួយបារម្ភ និងរិះគន់ខ្លាំងៗចំពោះការបង្កើនឥទ្ធិពលយោធារបស់ជប៉ុន ក្រោយការបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាដ៏ទំនើបប្រភេទ ថែប៨៨ (Type 88) ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ទីក្រុងប៉េកាំង យល់ឃើញថា ជប៉ុនកំពុងព្យាយាមពង្រឹងកងទ័ពរបស់ខ្លួនលើសពីតម្រូវការការពារខ្លួនធម្មតា ដែលនេះគឺជាការរំលោភបំពានលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពដែលធ្លាប់មានតាំងពីក្រោយសង្គ្រាមលោក ។

អ្នកនាំពាក្យចិន បានជម្រុញឱ្យមេដឹកនាំជប៉ុន ចងចាំ និងឆ្លុះបញ្ចាំងពីមេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់នៃសង្គ្រាមឈ្លានពាននាពេលអតីតកាល។ ចិនព្រមានថា ការដើរតាមគន្លងយោធានិយមបែបថ្មីនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរវាងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាការគំរាមកំហែងដល់ស្ថិរភាព និងសន្តិសុខទាំងមូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

ក្រៅពីបញ្ហាជប៉ុន ចិនក៏បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់។ ទីក្រុងប៉េកាំង ប្រកាន់ជំហរថា រាល់ទណ្ឌកម្មដែលមិនមានការយល់ព្រមពីអង្គការសហប្រជាជាតិ គឺជាទង្វើខុសច្បាប់ និងជាការបំពានលើអធិបតេយ្យភាពសេដ្ឋកិច្ចរបស់ប្រទេសដទៃដែលមិនអាចទទួលយកបានឡើយ ។

ភាពតានតឹងរវាងមហាអំណាចអាស៊ីទាំងពីរ បានឈានដល់កម្រិតខ្ពស់ថ្មីមួយ ដោយសារតែការផ្លាស់ប្តូរគោលនយោបាយការពារជាតិរបស់ជប៉ុន និងការលូកដៃក្នុងបញ្ហាតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។ ការដែលជប៉ុនបញ្ជូនកងទ័ពប្រយុទ្ធមកចូលរួមសមយុទ្ធយោធាជាលើកដំបូង ជាមួយហ្វីលីពីន សហរដ្ឋអាម៉េរិក និងអូស្ត្រាលី (មិនធ្លាប់មានក្នុងរយៈពេលរាប់ទសវត្សរ៍) បានក្លាយជាចំណុចរបត់ដ៏រសើបដែលធ្វើឱ្យទំនាក់ទំនងការទូត និងសន្តិសុខរវាងចិន និងជប៉ុនកាន់តែមានភាពប្រេះឆា ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY’s video.