អឺរ៉ុបសម្រេចចិត្តកែសម្រួល និងបន្ធូរបន្ថយច្បាប់គ្រប់គ្រង AI ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់
អឺរ៉ុប៖ សហភាពអឺរ៉ុបបានសម្រេចចិត្តកែសម្រួល និងបន្ធូរបន្ថយច្បាប់គ្រប់គ្រងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Act) ដើម្បីឆ្លើយតបនឹងការត្អូញត្អែររបស់វិស័យឯកជន។ កិច្ចព្រមព្រៀងថ្មីនេះ មានគោលបំណងកាត់បន្ថយភាពស្មុគស្មាញផ្នែករដ្ឋបាល និងការចំណាយផ្សេងៗ ដែលធ្លាប់ជាបន្ទុកដ៏ធ្ងន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងតំបន់ ។
ការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយ គឺការសម្រេចពន្យារពេលអនុវត្តច្បាប់ចំពោះប្រព័ន្ធ AI ដែលមានហានិភ័យខ្ពស់ រហូតដល់ចុងឆ្នាំ២០២៧។ វិធានការនេះ ត្រូវគេមើលឃើញថាជាការផ្ដល់ដង្ហើមដល់ក្រុមហ៊ុនអឺរ៉ុប ដើម្បីឱ្យពួកគេមានពេលវេលារៀបចំខ្លួន និងពង្រឹងសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនយក្សមកពីអាម៉េរិក និងចិន ។
អ្នករិះគន់ជាច្រើន បានសម្តែងការមិនពេញចិត្ត ដោយចាត់ទុកថាការបន្ធូរបន្ថយនេះគឺជាការចុះចាញ់របស់អឺរ៉ុបចំពោះឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។ ពួកគេបារម្ភថា ការពន្យារពេល និងការដកចេញនូវបទប្បញ្ញត្តិមួយចំនួន អាចនឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព និងក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត ។
ក្នុងចំណោមច្បាប់ដែលនៅតែរឹងមាំ គឺការហាមឃាត់ចំពោះការប្រើប្រាស់ AI ក្នុងសកម្មភាពអាសអាភាស និងការបង្កើតរូបភាពមិនសមរម្យ។ សហភាពអឺរ៉ុប បានបង្ហាញជំហរដាច់ខាតក្នុងការការពារស្ត្រី និងកុមារពីការរំលោភបំពានតាមរយៈបច្ចេកវិទ្យាទំនើប ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ។
ច្បាប់ថ្មី ក៏តម្រូវឱ្យរាល់ខ្លឹមសារដែលបង្កើតដោយ AI ត្រូវតែមានការដាក់សញ្ញាសម្គាល់ (Watermark) ឱ្យបានច្បាស់លាស់។ វិធានការនេះ មានបំណងបង្កើនតម្លាភាព និងជួយឱ្យអ្នកប្រើប្រាស់អាចបែងចែកបានរវាងអ្វីដែលជាការពិត និងអ្វីដែលជាការបង្កើតឡើងដោយប្រព័ន្ធម៉ាស៊ីន ដើម្បីការពារការភាន់ច្រឡំ ។
ការសម្រេចដកគ្រឿងម៉ាស៊ីនចេញពីវិសាលភាពនៃច្បាប់ AI ក៏ជាចំណុចសំខាន់មួយទៀត ដែលបង្ហាញពីការយោគយល់របស់អឺរ៉ុបចំពោះវិស័យឧស្សាហកម្ម។ អាជ្ញាធរយល់ឃើញថា គ្រឿងម៉ាស៊ីនមានច្បាប់គ្រប់គ្រងច្បាស់លាស់រួចទៅហើយ ដូច្នេះការមិនដាក់បញ្ចូលក្នុងច្បាប់ AI នឹងជួយកាត់បន្ថយបទប្បញ្ញត្តិ ដែលមានភាពស្ទួនគ្នា ។
ទោះបីជាមានការធ្វើវិសោធនកម្មឱ្យមានភាពធូរស្រាលជាងមុនក៏ដោយ ក៏សហភាពអឺរ៉ុបនៅតែរក្សាតំណែងជាតំបន់ដែលមានច្បាប់គ្រប់គ្រង AI តឹងរ៉ឹង និងគ្រប់ជ្រុងជ្រោយជាងគេបំផុតលើពិភពលោក។ ច្បាប់នេះ នៅតែជាគំរូដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងៗទៀត ក្នុងការរៀបចំក្របខ័ណ្ឌគតិយុត្តិ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដែលកំពុងផ្លាស់ប្តូរពិភពលោកមួយនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Lisi Niesner)/ Reuters.