លោក Rubio ថ្កោលទោសការបិទខ្ទប់ច្រកសមុទ្រហ័រមូសដោយអ៊ីរ៉ង់ និងត្រៀមឆ្លើយតបចំពោះទង្វើចោរសមុទ្រ
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានបញ្ជាក់ពីការចាប់ផ្តើមគម្រោងសេរីភាព (Project Freedom) ដែលជាបេសកកម្មមនុស្សធម៌ និងយោធាទ្រង់ទ្រាយធំ ដើម្បីជួយសង្គ្រោះមនុស្សជិត ២៣,០០០ នាក់ មកពី ៨៧ ប្រទេស។ ជនរងគ្រោះទាំងនេះ បានជាប់គាំងនៅកណ្តាលសមុទ្រអស់រយៈពេលជាង ២ ខែមកហើយ ដោយសារតែការបិទច្រកសមុទ្រ ហ័រមូស (Hormuz) ពីសំណាក់កងទ័ពអ៊ីរ៉ង់ ដែលលោកចាត់ទុកថាជាអំពើចោរកម្មលើសមុទ្រដ៏ឃោរឃៅ ។
ស្ថានភាពនៅកណ្តាលសមុទ្របានឈានដ៏លំបាកបំផុតមួយ ដោយសារតែនាវាពាណិជ្ជកម្មទាំងនោះ បានចាប់ផ្តើមដាច់ស្បៀង និងទឹកស្អាត ខណៈនាវិកស៊ីវិលយ៉ាងហោចណាស់ ១០ នាក់បានបាត់បង់ជីវិតរួចទៅហើយ។ លោក Rubio បានរិះគន់របបទីក្រុងតេហ៍រ៉ង់យ៉ាងធ្ងន់ៗថា កំពុងប្រើប្រាស់ជីវិតមនុស្សស្លូតត្រង់ធ្វើជាចំណាប់ខ្មាំងក្នុងល្បែងនយោបាយ និងសេដ្ឋកិច្ច ដែលលោកហៅថាជាការដុតបំផ្លាញសេដ្ឋកិច្ចសកល ក្នុងគ្រាដ៏អស់សង្ឃឹម ។
ក្រោមបទបញ្ជារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កងទ័ពអាម៉េរិកនឹងដើរតួនាទីជាអ្នកការពារ ដោយបង្កើតជារបងសន្តិសុខ ដើម្បីនាំផ្លូវនាវាដែលជាប់គាំងឱ្យចេញផុតពីតំបន់គ្រោះថ្នាក់ដោយសុវត្ថិភាព។ ទន្ទឹមនឹងនោះ អាម៉េរិកអះអាងថា ខ្លួនគឺជាប្រទេសតែមួយគត់ដែលមានសមត្ថភាព និងឆន្ទៈក្នុងការឆ្លើយតបនឹងការអំពាវនាវសុំជំនួយពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ដើម្បីស្តារសេរីភាពនាវាចរណ៍ឡើងវិញ ។
ទោះជាយ៉ាងណាក្ដី លោក Rubio បញ្ជាក់ច្បាស់ៗថា នេះគឺជាប្រតិបត្តិការការពារខ្លួន មិនមែនជាការវាយលុកនោះទេ។ កងកម្លាំងអាម៉េរិក នឹងមិនបើកការបាញ់ប្រហារមុនឡើយ ប៉ុន្តែនឹងវាយបកវិញយ៉ាងចាស់ដៃចំពោះរាល់ការគំរាមកំហែងពីសំណាក់ទូកល្បឿនលឿន ដ្រូន ឬមីស៊ីលរបស់អ៊ីរ៉ង់។ គោលដៅចម្បង គឺដើម្បីធានាថា គ្មានកម្លាំងណាមួយអាចមកបង្គាប់បញ្ជា ឬរារាំងការធ្វើដំណើរតាមផ្លូវទឹកអន្តរជាតិដ៏សំខាន់មួយនេះបានឡើយ ។
ច្រកសមុទ្រ Hormuz គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលដឹកជញ្ជូនប្រេង ១ ភាគ ៤ នៃតម្រូវការពិភពលោក រួមទាំងទំនិញយុទ្ធសាស្ត្រជាច្រើនទៀត។ លោក Rubio សង្កត់ធ្ងន់ថា តាមច្បាប់អន្តរជាតិ ផ្លូវទឹកនេះជារបស់ពិភពលោកទាំងមូល មិនមែនជារបស់ប្រទេសណាមួយឡើយ។ អាម៉េរិកប្តេជ្ញានឹងប្រើប្រាស់អំណាចយោធារបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ និងជួយដល់មិត្តអន្តរជាតិ ប្រឆាំងនឹងអ្វីដែលលោកហៅថាជា «របបពាល» ក្នុងតំបន់មជ្ឈិមបូព៌ា ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video/ (Amirhosein Khorgooi/ISNA/WANA via Reuters).