ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រមានបាញ់កម្ទេចនាវាអាម៉េរិក បើហ៊ានរំលោភបំពានច្រកសមុទ្រ Hormuz និងបដិសេធការចោទប្រកាន់ថា អ៊ីរ៉ង់ចង់បង្អាក់ការដឹកជញ្ជូនប្រេងសកល

image

អ៊ីរ៉ង់៖ នៅក្នុងកិច្ចសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ សមាជិកសភាអ៊ីរ៉ង់ លោក ម៉ានូឆេ មុតតាក់គី (Manouchehr Mottaki) បានលើកឡើងយ៉ាងដាច់អហង្ការថា ច្រកសមុទ្រ ហ័រមូស (Hormuz) គឺជាដែនអធិបតេយ្យភាពដែលមិនអាចរំលោភបាន ឬជា «ខ្សែបន្ទាត់ក្រហម» របស់អ៊ីរ៉ង់ ។

បន្ថែមពីនេះ លោកបានបញ្ជាក់ពីការបាញ់ព្រមានទៅលើនាវាចម្បាំងអាម៉េរិកនាពេលថ្មីៗនេះ ព្រមទាំងគំរាមថា បើកងទ័ពអាម៉េរិកនៅតែបន្តព្យាយាមឆ្លងកាត់ច្រកទឹកនេះដោយគ្មានការអនុញ្ញាត នោះអ៊ីរ៉ង់នឹងបើកការបាញ់ប្រហារចំគោលដៅដោយផ្ទាល់ ដែលអាចឈានទៅរកសង្រ្គាមទ្រង់ទ្រាយធំ ។

ទោះបីជាមានការព្រមានផ្នែកយោធាយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែភាគីអ៊ីរ៉ង់បានព្យាយាមបន្ធូរបន្ថយក្ដីបារម្ភលើផ្នែកសេដ្ឋកិច្ច ដោយអះអាងថាខ្លួនមិនមានបំណងរារាំងការដឹកជញ្ជូនប្រេងសកលនោះទេ។ លោក មុតតាក់គី (Mottaki) បានលើកឡើងថា អ៊ីរ៉ង់យល់ច្បាស់ពីសារៈសំខាន់នៃថាមពលសម្រាប់ទីផ្សារពិភពលោក ប៉ុន្តែការរក្សាការគ្រប់គ្រងលើច្រកសមុទ្រយុទ្ធសាស្ត្រនេះ គឺជារឿងដែលត្រូវធ្វើជាចាំបាច់ ទោះក្នុងតម្លៃណាក៏ដោយ ។

ចំពោះដំណោះស្រាយវិបត្តិវិញ អ៊ីរ៉ង់បានជម្រុញឱ្យសហរដ្ឋអាម៉េរិកដកខ្លួនចេញពីជម្លោះនេះដោយស្ងប់ស្ងាត់ ដើម្បីបញ្ចៀសភាពអាម៉ាស់មុខជាសាធារណៈ។ លោកបានផ្តល់យោបល់ថា អាម៉េរិកមិនចាំបាច់ចេញមុខទទួលស្គាល់បរាជ័យជាផ្លូវការនោះទេ គ្រាន់តែបញ្ឈប់សកម្មភាពយោធាគឺគ្រប់គ្រាន់ហើយ ខណៈដែលពិភពលោកនឹងក្លាយជាអ្នកវិនិច្ឆ័យចំពោះលទ្ធផលនៃជម្លោះនេះដោយខ្លួនឯង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖​ Screenshot from VIORY's video/ (Amirhosein Khorgooi/ISNA/WANA via Reuters).