ព័ត៌មានអន្តរជាតិ

បង់ក្លាដែស្ហ ងាកមកពឹងផ្អែកលើរោងចក្រសូឡាធំបំផុត ដើម្បីកាត់បន្ថយការនាំចូលថាមពល ៦៥% ពីបរទេស

image

បង់ក្លាដេស្ហ៖ ប្រទេសបង់ក្លាដេស្ហ កំពុងខិតខំប្រឹងប្រែងដោះស្រាយវិបត្តិអគ្គិសនីតាមរយៈគម្រោង ធីសា សូឡា លីមីតធីត (Teesta Solar Limited) ដែលជារោងចក្រថាមពលពន្លឺព្រះអាទិត្យធំជាងគេក្នុងប្រទេស។ គម្រោងនេះ ផលិតថាមពលបានប្រហែល ១,០០០ មេហ្គាវ៉ាត់ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីជួយបំពេញចន្លោះប្រហោងនៃតម្រូវការប្រើប្រាស់ដែលកំពុងកើនឡើងខ្លាំង ។

គោលដៅចម្បងនៃការពង្រីកថាមពលកកើតឡើងវិញនេះ គឺដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស ដែលបច្ចុប្បន្នមានរហូតដល់ ៦៥%។ ការកាត់បន្ថយការប្រើប្រាស់សាំង និងម៉ាស៊ូត ត្រូវគេរំពឹងថា នឹងជួយឱ្យសេដ្ឋកិច្ចជាតិមានស្ថិរភាព និងភាពរឹងមាំជាងមុន ។

ទោះបីជាមានសក្តានុពលខ្ពស់ ប៉ុន្តែបញ្ហាដីធ្លីនៅតែជាឧបសគ្គដ៏ធំបំផុតសម្រាប់បង់ក្លាដេស្ហក្នុងការអភិវឌ្ឍន៍វិស័យនេះ ខណៈការស្វែងរកដីទំនេរដ៏ធំធេងដែលមិនប៉ះពាល់ដល់ការដាំដុះ ដើម្បីដាក់ផ្ទាំងសូឡារាប់សែនផ្ទាំង គឺជាកិច្ចការដ៏លំបាកបំផុតក្នុងប្រទេសដែលមានដីកំណត់មួយនេះ ។

វិបត្តិនៅមជ្ឈិមបូព៌ា ជាពិសេសជម្លោះរវាងអាម៉េរិក អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់ រួមទាំងការបិទច្រកសមុទ្រ Hormuz បានជម្រុញឱ្យបង់ក្លាដែស្ហ ត្រូវតែពន្លឿនការផលិតថាមពលដោយខ្លួនឯង។ ការកើនឡើងនៃតម្លៃថាមពលអន្តរជាតិ បានធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស្ហរងសម្ពាធយ៉ាងខ្លាំង ដែលធ្វើឱ្យថាមពលពន្លឺព្រះអាទិត្យក្លាយជាជម្រើសយុទ្ធសាស្ត្រមិនអាចខ្វះបាន ។

គម្រោង ធីសា សូឡា (Teesta Solar) ដែលមានតម្លៃប្រមាណជា ៣០០ លានដុល្លារនេះ មិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសសរស្តម្ភថាមពលសម្រាប់តំបន់ រ៉ាំងព័រ (Rangpur) ដោយផ្គត់ផ្គង់ដល់ទៅ ២០% នៃតម្រូវការក្នុងតំបន់នោះ។ ការប្រើប្រាស់ផ្ទាំងសូឡាជាងកន្លះលានផ្ទាំងលើផ្ទៃដីជាង ២០០ ហិកតា សបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បង់ក្លាដែស្ហឆ្ពោះទៅរកថាមពលបៃតង ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.